Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការងារ អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២

Admin Alynana | May 24, 2021
ក្រសួងការងារ អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២
Clinic narith

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នោះ ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

ក្រសួងបន្តថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាត ឲ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិត ជូនដំណឹងមកក្រសួង តាមរយៈទូរស័ព្ទលេខ ០៨៧ ៥២៥ ៦៥៦ និង ០១១ ៨៤៨ ៤៨៦ ឬក្រុមតេឡេក្រាម https://t.me/KhmerWorkerChat

ក្រសួងសង្កត់ធ្ងន់ថា «ការរារាំងបុគ្គលណាម្នាក់ មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត, ច្បាប់ស្តីពីការងារ, និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩»។

ក្រសួងការងារបន្ថែមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវជួយជំរុញ និងអនុញ្ញាត ឲ្យកម្មករនិយោជិត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំង។ បើមិនដូច្នេះ ម្ចាស់ ឬរោងចក្រ សហគ្រាស នឹងត្រូវទទួលពិន័យជាប្រាក់ និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងការងារ ក៏សូមកម្មករនិយោជិតទាំងអស់ ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩រួច មេត្តាថែរក្សាប័ណ្ណចាក់វ៉ាក់សាំងឲ្យបានល្អ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍នៅពេលខាងមុខ៕