Alynana Media Cambodia
Icon Collap
clinic narit

កាមេរ៉ាចាប់ល្បឿន១៤ទីតាំង នឹងដាក់នៅលើដងផ្លូវជាតិលេខ៣ ដើម្បីក្រើនរំលឹកអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍

Admin Alynana | May 31, 2021
កាមេរ៉ាចាប់ល្បឿន១៤ទីតាំង នឹងដាក់នៅលើដងផ្លូវជាតិលេខ៣ ដើម្បីក្រើនរំលឹកអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍
Clinic narith

(ភ្នំពេញ)៖ បន្ទាប់ពីផ្លូវជាតិលេខ៣ ត្រូវបានជួសជុលរួច និងសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនៅពេលខាងមុខ នឹងមានកាមេរ៉ាចាប់ល្បឿនចំនួន ១៤ នៅតាមទីតាំងផ្សេងៗទាំងទៅនិងមក ដាក់ឱ្យដំណើរការព្រមគ្នាដែរ ដើម្បីធ្វើការត្រួតពិនិត្យលើអ្នកបើកបរលើសល្បឿនកំណត់នៃច្បាប់។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់បន្ថែមថា ការដាក់ឱ្យដំណើរការកាមេរ៉ាចាប់ល្បឿននេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ និងចូលរួមធ្វើយ៉ាងណាកាត់បន្ថយនូវអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ ចំពោះការដាក់កាមេរ៉ាចាប់ល្បឿននេះដែរ នឹងចាប់ផ្តើមពីបង្គោលគីឡូម៉ែត្រទី៣៣ ដល់ក្រុងកំពត។

លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា កុំបើកបរលើសល្បឿនកំណត់នៃច្បាប់ដែលអាចនាំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការក្នុងការប្រើប្រាស់ផ្លូវ កុំបើកបរលើសល្បឿនកំណត់នៃច្បាប់ ដែលនាំឱ្យមានការខូចខាតផ្លូវ មិនអាចប្រើប្រាស់បានយូរអង្វែង។

ទាក់ទងនឹងការដាក់កាមេរ៉ាចាប់ល្បឿននេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងដែរថា កាដាក់កាមេរ៉ាចាប់យានយន្តលើសល្បឿនកំណត់នេះ ដើម្បីជាការចូលរួមកាត់ចំណែកកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅលើដងផ្លូវ ដូចនេះហើយសូមប្រជាពលរដ្ឋ កុំបើកបរលឿន រហូតលើសល្បឿនកំណត់នៃច្បាប់។ លោកថា «សព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមនុស្សស្លាប់ និងរងរបួសភាគច្រើននោះគឺបណ្តាល មកពីការបើកបរលើសល្បឿនកំណត់នេះឯង ដែលមានរហូតទៅដល់ ៣៧ភាគរយ»។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប ១៣៤.៧គីឡូម៉ែត្រនេះ គិតមកដល់ចុងខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចការសាងសង់ ៩៨.០៤%ហើយ។គម្រោងនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន, ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕