ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ បានចាប់ផ្តើមដំណើរការហើយកាលពីថ្ងៃទី ១ ខែមិថុនា ដោយនឹងត្រូវបញ្ចប់នៅត្រឹមដំណាច់ខែវិច្ឆិកា។
យោងតាមលិខិតចុះកាលបរិច្ឆេទថ្ងៃទី ២៨ ខែឧសភា របស់ GDT ឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវមកដាក់លិខិតប្រកាស ឬយកមកជាមួយនូវបណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ។
ដោយឡែកសម្រាប់យានយន្តកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
ចំពោះយានយន្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លិខិតបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅអគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»។
បើតាម GDT យានជំនិះគ្រប់ប្រភេទដែលជាប់កាតព្វកិច្ចបង់ពន្ធអាចធ្វើការបង់ប្រាក់ពន្ធតាមរយៈធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ៨ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ព្រមទាំងធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ទៅបណ្ដាញព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១ ខែមិថុនាថា ដោយសារការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះតែងអនុវត្តជារៀងរាល់ឆ្នាំ ព្រមនឹងការកែលម្អ និងការអភិវឌ្ឍវិធីសាស្ត្រប្រមូលពន្ធជាបន្តបន្ទាប់លោកគិតថា យុទ្ធនាការប្រមូលពន្ធឆ្នាំនេះនឹងធ្វើទៅដោយរលូន ហើយចំណូលពន្ធដែលរដ្ឋប្រមូលបានក៏កើនផងដែរធៀបនឹងឆ្នាំ ២០២០។
លោកថ្លែងថា៖ «បើទោះបីមិនមានតួលេខ ប៉ុន្តែខ្ញុំគិតថា ប្រាក់ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានពីមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំនេះនឹងកើនឡើងធៀបឆ្នាំ ២០២០»។ លោកបន្ថែមថា៖ «ទោះបីចំណូលពន្ធនេះមិនច្រើនដូចពីវិស័យទេសចរណ៍ដែលកម្ពុជាបាត់បង់ដោយសារឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ប៉ុន្តែវាជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលជាតិ»។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារ ស្មើនឹង ៣,៧៣ ភាគរយធៀបឆ្នាំ ២០១៩។
ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យការនាំចូលរថយន្តគ្រប់ប្រភេទមកកម្ពុជាក្នុងឆ្នាំ ២០២០ ធ្លាក់ចុះមួយកម្រិត ដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តចន្លោះពី ១០-២០ ភាគរយចាប់ពីខែមីនា ឆ្នាំ ២០២១ មក ដើម្បីស្តារទីផ្សារ និងគាំទ្រដល់វិស័យដឹកជញ្ជូនឡើងវិញ៕