Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ៤ ចំណុចទប់ស្កាត់ការចម្លងជំងឺកូវិដ -១៩ ប្រភេទអូមីក្រុង

Admin Alynana | Feb 10, 2022
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ៤ ចំណុចទប់ស្កាត់ការចម្លងជំងឺកូវិដ -១៩ ប្រភេទអូមីក្រុង
Clinic narith

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលេខបីខ្ទង់ ដែលគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមការសង្កេតជាក់ស្តែង បងប្អូនប្រជាពលរដ្ឋមួយ ចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ ដូចជាមិនបានពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនបានលាងដៃនឹងអាកុល នៅកន្លែងជួបជុំមនុស្សច្រើនដូចជាមង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោងសិប្បកម្ម កន្លែងកម្សាន្តផ្សេងៗ និងតាមទីសាធារណៈជាដើ។ ដើម្បីចៀសវាងនូវសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយ ធំ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុង រាជធានីភ្នំពេញ ដូចខាងក្រោម ៖

១- ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជា លក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានាត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យ ធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់ អាកុលឬដែលលាងដៃ វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វាក់សាំង ជាពិសេសត្រូវ រំលឹកពីវិធានការ "៣ការពារ ៣កុំ" របស់សម្តេចតេជោនាយករដ្ឋមន្តី

២- ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធី បុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យ រៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់ អាកុល ដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើប ចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វាំក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ 

៣- ត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់ វាំក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បី បង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម

៤- ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ឱ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺ កូវីដ-១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត។ ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាម ខ្លឹមសារនៃសេចក្ដីណែនាំនេះ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ បុគ្គលនោះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ស្របតាម ប្រការ ២ នៃ ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ក៏ដូចជា ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។

សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕