ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សសញ្ជាតិកម្ពុជា ជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ – បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លិខិតផ្ទេរសិទ្ធិលេខ ០២២ ល៨ / គ.ស.ក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណបក្ស សញ្ជាតិកម្ពុជា ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំងអស់ជ្រាបថា គណបក្សសញ្ជាតិកម្ពុជា បានផ្ញើលិខិតមក គ.ជ.ប ស្តីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សសញ្ជាតិកម្ពុជា ជូនលោក លោកស្រីដែលជាប្រធាន គណៈកម្មការប្រតិបត្តិក្រុង ស្រុក ខណ្ឌ ឱ្យធ្វើជាតំណាងគណបក្សសញ្ជាតិកម្ពុជាក្នុងការចុះហត្ថលេខាលើ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ “ និង “ ពាក្យសុំចុះ ឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹក ឆ្នោត នៅតាមឃុំ សង្កាត់ “សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ។
ទទួលបានសេចក្ដីជូនដំណឹងនេះ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕