(ភ្នំពេញ)៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅផ្សារសួង និងឃុំពោធិ៍ជើងខាល ខេត្តត្បូងឃ្មុំបច្ចុប្បន្ន។
ដោយការបើកសម្ពោធនេះមានការចូលរួមពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
សម្ដេចតេជោបានថ្លែងទៅកាន់លោក វ៉ាង យ៉ាងដូច្នេះថា «ឯកឧត្តមឯកអគ្គរដ្ឋទូត! កន្លែងនេះហើយជាកន្លែងវេទនារបស់ខ្ញុំ (សំដៅលើខេត្តត្បូងឃ្មុំ) អ្វីក៏ដោយខ្ញុំចាប់ផ្ដើម ពីតំបន់ហ្នឹង ដែលតភ្ជាប់រវាងកំពង់ចាមជាមួយនឹងក្រចេះ ខ្ញុំចាប់ផ្ដើមពីទីនេះទាំងអស់»។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកត្រួសៗនូវអតីតកាលថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ សម្ដេចបានស្ម័គ្រចិត្តចូលព្រៃតាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងនឹងពួកធ្វើរដ្ឋប្រហារ និងការឈ្លានពានរបស់បរទេស គឺនៅទីនេះ។ នៅពេលសម្ដេចតេជោរៀបការជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីសម័យខ្មែរក្រហមនោះ ក៏ធ្វើនៅទឹកដីនេះដែរ។
តាមរយៈការរំលឹកនូវរឿងរ៉ាវទាំងនេះ ទឹកដីខេត្តត្បូងឃ្មុំ-កំពង់ចាមគឺបានកត់ត្រានូវអនុស្សាវរីយ៍ជាច្រើនរបស់យុទ្ធជនម្នាក់ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខណៈប្រជាជនចាត់ទុកជាបិតាសន្តិភាព និងដែលពិភពលោកទទួលស្គាល់ជាទូទៅនូវកិច្ចខិតខំដើម្បីសន្តិភាពកម្ពុជា។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ទឹកដីខេត្តត្បូងឃ្មុំបានក្លាយជាទីជ័យភូមិមួយសម្រាប់ការរស់នៅប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ តួយ៉ាងដូចជាសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិននេះជាដើម។ ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាព ដែលអតីតកូនកសិករមួយរូបបានយកជីវិតធ្វើជាដើមទុន ដើម្បីដណ្ដើមពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាលនោះហើយ៕