ភ្នំពេញ ៖ សម្រាប់លេខចុះបញ្ជីពិសេស ចាប់តំាងឆ្នាំ២០១៦ និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់តំាងពីឆ្នាំ២០២០ រហូតមកដល់ពេលនេះ គឺក្រសួងលក់បានថវិកាចូលរដ្ឋប្រមាណជាង៧០លានដុល្លារ។
បញ្ជាក់ប្រាប់បាយ័នព្រឹកនេះតាមទូរស័ព្ទ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានប្រាប់ថា លេខចុះបញ្ជីពិសេសនេះ គិតចាប់រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈឆ្នាំ២០២២ ហើយលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតចាប់រាប់ពីខែមករាឆ្នាំ២០២០ ដែលសរុបលេខពិសេសទំាងពីរទទួលបានចំណូលចូលរដ្ឋសរុបគិតជាដុល្លារមានប្រមាណជាង៧០ដុល្លារអាមេរិក។
លោកជំទាវបន្តថា ចំពោះចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅក្នុងឆ្នាំ២០២១កន្លងទៅ បានកើនឡើងប្រាក់ចំណូលប្រមាណ៩% បើធៀបនឹងឆ្នាំ ហើយមកដល់ពេលនេះ ក្រសួងសាធារណការ មានវេបសាយមួយ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ចូលមើលព័ត៌មានជុំវិញការលក់លេខចុះបញ្ជីពិសេសនៅឆ្នាំ២០១៦ និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបាន ដោយគ្រាន់តែវាយពាក្យ vehicle.mpwt.gov.kh/ នឹងទទួលបានព័ត៌មានស្រាប់ ហើយក៏មានទីតំាងមួយចំនួនទៀតដូចជានៅក្រសួងសាធារណការ នៅ Aeon1, Aeon2, នៅខេត្តព្រះសីហនុ និងនៅកន្លែងជាច្រើនទៀត ក្នុងនោះក្រសួងបានជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ក្រុមហ៊ុនដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាពព្រមព្រៀង ជាមួយមួយការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មានជាង៦ម៉ឺនលេខ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធគោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណាដែលមានតួរលេខ១៦៨ និងការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត រួមនឹងបញ្ជីឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានលក់លេខចុះបញ្ជីពិសេសមានចំនួន១៩១ពាន់៧៩៥លេខ និងលក់បានចុះបញ្ជីពិសេសផ្ទាល់ខ្លួនចំនួន ១០១៨៥លេខ(មួយម៉ឺន១៨៥) ហើយលេខដែលថ្លៃបំផុត មានរហូតដល់ជាង៨០០លានរៀល ដែលគិតជាដុល្លារជាង២០ម៉ឺនដុល្លារត្រឹមតែមួយលេខ និងលេខដែលថោកបំផុត មានជាង២លានរៀល៕