Alynana Media Cambodia
Icon Collap
clinic narit

ម្ចាស់អាជីវកម្មទាំងអស់នៅតំបន់ទេសចរណ៍ ត្រូវឲ្យសរសេរតម្លៃម្ហូបអាហារចៀសវាងការឡើងថ្លៃខ្ពស់

Admin Alynana | Mar 29, 2022
ម្ចាស់អាជីវកម្មទាំងអស់នៅតំបន់ទេសចរណ៍ ត្រូវឲ្យសរសេរតម្លៃម្ហូបអាហារចៀសវាងការឡើងថ្លៃខ្ពស់
Clinic narith

ភ្នំពេញ៖ បើ​តាម​សារាចរ​ណ៍​ណែនាំ​របស់​​​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ស្តីពី​ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ​ ​និង​ការ​ពង្រឹង​គុណភាព​ផលិតផល​ ​និង​សេវាកម្ម​ទេសចរណ៍​ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​សុខភាព​សាធារណៈ​ ​វិបុលភាព​ ​និង​ភាព​ពេញចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ក​ម្សាន្ត​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ ​នា​ថ្ងៃ​ទី​១​៤​-​១​៥​-​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ប្រាំមួយ​ចំណុច​សំខាន់​ៗ​។​

​ប្រភព​ដដែល​បាន​លើកឡើង​ទាំង​ប្រាំមួយ​ចំណុច​ដូច្នេះ​ថា​ ​ទី​១​ ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​ក្រុម​ការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ​មន្ទីរ​ជំនាញ​ ​និង​ដៃគូ​ពាក់ព័ន្ធ​ ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ចូលឆ្នាំ​ ​និង​កម្មវិធី​ក​ម្សាន្ត​សប្បាយ​នានា​តាម​ទំនៀមទំលាប់​ប្រពៃណី​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។​ ​ទី​២​ ​ត្រូវ​ជំរុញ​ការ​អនុវត្ត​ឱ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ ​និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពិសេស​វិធានការ​ ​«​៣​ការពារ​ ​និង​ ​៣​កុំ​»​ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ព្រម​ជាមួយ​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ ​និង​នីតិវិធី​ស្តង់​ដា​ប្រតិបត្តិ​អប្បបរមា​ (​SOP​) ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ ​និង​ធានា​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។​

​ដោយឡែក​ចំណុច​ទី​៣​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​លោក​ ​ថោ​ង​ ​ខុន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​តាម​រមណីយដ្ឋាន​ ​និង​គោលដៅ​ទេសចរណ៍​នានា​ ពិ​សេ​សត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​ (​Carrying Capacity​) ​អតិបរមា​ ​ដែល​អាច​ទទួល​ភ្ញៀវ​បាន​ក្នុង​ពេល​តែមួយ​អនុលោម​តាម​ស្តង់​ដា​គ​ម្លា​ត​សុវត្ថិភាព​ ​និង​មិន​ត្រូវ​ទទួល​ភ្ញៀវ​លើស​ពី​ចំណុះ​នេះ​ជាដាច់ខាត​។​ ​ចំពោះ​ទី​៤​ ​ត្រូវ​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ​និង​គោលដៅ​ទេសចរណ៍​នានា​រៀបចំ​ឱ្យ​មាន​កម្មវិធី​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​ខណៈ​ដែល​បុគ្គលិក​បម្រើ​ការ​ទាំងអស់​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​តាម​ការកំណត់​របស់​​​ក្រសួងសុខាភិបាល​។​

​ជាមួយគ្នា​នេះ​ ​ប្រភព​ខាងលើ​បាន​បន្ថែម​នូវ​ចំណុច​ទី​៥​ ​ដូច្នេះ​ថា​ ​ត្រូវ​សហការ​ជាមួយ​អាជីវករ​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ ​ថែរក្សា​បរិស្ថាន​-​អនាម័យ​ ​និង​រក្សា​តម្លៃ​ផលិតផល​ ​និង​សេវា​ឱ្យ​បាន​សមរម្យ​។​ ​រាល់​ថ្លៃ​ស្នាក់​នៅ​ ​ម្ហូបអាហារ​ ​និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង​ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឱ្យ​បាន​ដឹង​ជាមុន​ ​ជៀសវាង​ការកំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ​។​ ​ករណី​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទផ្សាយ​ ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ជាធរមាន​។​ ​ចុងក្រោយ​ទី​៦​ ​គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​ ​និង​ជំរុញ​ការ​អនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ​ឱ្យ​បាន​ទូលំទូលាយ​ ​និង​គ្រប់រូប​ភាព​ទៅដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​និង​ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ​នៅ​តាម​រមណីយដ្ឋាន​ ​និង​គោលដៅ​ទេសចរណ៍​នានា​ ​និង​ផ្ញើ​មក​ក្រសួង​ទេសចរណ៍​ឱ្យ​បាន​ទាន់ពេល​វេលា​ជា​ប្រចាំថ្ងៃ​។​

​ពាក់ព័ន្ធ​នឹង​សារាចរ​ណែនាំ​ខាងលើ​នេះ​ផង​ដែរ​ ​ក្រសួង​ជំនាញ​ដដែល​បាន​ស្នើ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​មន្ទីរ​ពាក់ព័ន្ធ​ ​និង​ផ្នែកឯកជន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​277357755_338251895002242_5609009085024623253_n277524728_338251858335579_1816869343759106346_n