Alynana Media Cambodia
Icon Collap
clinic narit

ក្រុមជាងកំពុងដំឡើងរូបសំណាកព្រះថោងនាងនាគធ្វើពីស្ពាន់កម្ពស់ ២១ ម៉ែត្រ

Admin Alynana | Mar 30, 2022
ក្រុមជាងកំពុងដំឡើងរូបសំណាកព្រះថោងនាងនាគធ្វើពីស្ពាន់កម្ពស់ ២១ ម៉ែត្រ
Clinic narith

ព្រះសីហនុៈ ក្រុមជាងនៅថ្ងៃទី ២៩ មីនា បាននិងកំពុងបន្តរៀបចំដំឡើងរូបសំណាក ព្រះថោង នាងនាគ ដែលធ្វើពីស្ពាន់មានទម្ងន់ ៦០ តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦ ម៉ែត្រ នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ថ្លែងនៅថ្ងៃទី ២៩ ខែមីនាថា រូបបដិមាព្រះថោងនាងនាគ ជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា។ រូបនេះធ្វើពីស្ពាន់ រចនាដោយស្ថាបត្យករខ្មែរ និងបានផលិតនៅបរទេស [ប្រទេសចិន] ហើយបានដឹកមកដល់ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី ២៦ ខែមីនា។

លោកបន្តថា រូបសំណាក ព្រះថោងនាងនាគនេះជារូបសំណាកទី ៣ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមាមហេសូរ នៅរង្វង់មូលព្រះឧមាមហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខ ៣ ដែលនៅខាងមុខរោងចក្រស្រាបៀរអង្គរ ស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ។ រូបសំណាកនេះធ្វើឡើងដោយចំណាយថវិកាជាតិ ហើយជាផ្នែកមួយនៃគម្រោងផ្លូវទាំង ៣៤ ខ្សែ ដែលដឹកនាំស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ «រូបសំណាក ព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ» ។

លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុបានសម្តែងការអបអរសាទរក្រៃលែងចំពោះរដ្ឋបាលខេត្តព្រះសីហនុដែលបានរៀបដាក់ឱ្យមានរូបសំណាកព្រះថោងតោងស្បៃនាងនាគ ព្រោះនេះគឺជាអត្តសញ្ញាណជាតិមុននឹងកកើតនៃវប្បធម៌ខ្មែរ ពាក់ព័ន្ធនិងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជា។

លោកបន្តថា បើតាមការស្វែងយល់ពីប្រវត្តិសាស្ត្រតាមរយៈការអានសៀវភៅ បង្ហាញថា ការកកើតនៃប្រពៃណី ទំនៀមទម្លាប់វប្បធម៌ផ្នែកនេះ គឺកើតឡើងក្នុងពេលព្រះថោងតោងស្បៃនាងនាគនេះឯង ហើយប្រពៃណីនោះបានបន្តរហូតមកដល់កូនខ្មែរជំនាន់ក្រោយ ក្នុងការភ្ជាប់និស្ស័យរវាងមេបាចូលស្តីដណ្តឹងកូនក្រមុំ។ លោក បុប្ជា បានចាត់ទុកថា ការដំឡើងរូបសំណាកព្រះថោងនាងនាគនេះ គឺជាការឭក និងដាស់សតិអ្នកជំនាន់ក្រោយ កុំឱ្យភ្លេចវប្បធម៌ដើមរបស់ខ្លួន។

លោកថ្លែងថា៖ «នេះសបញ្ជាក់ថា ជាប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់យើងដ៏សម្បូរបែបដែលបានរក្សាទុកមកដល់បច្ចុប្បន្ននេះ។ ការដាក់តាំងរូបនេះគឺមានន័យថា ដើម្បីឱ្យកូនចៅជំនាន់ក្រោយស្វែងយល់ និងថែរក្សាបន្ថែមនូវអត្តសញ្ញាណជាតិរបស់យើងដែលជាវប្បធម៌ដ៏យូរអង្វែង និងរុងរឿងពីមុនមក។ ខ្ញុំអបអរមែនទែនដែលរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបានផ្សព្វផ្សាយនូវរូបសំណាកនេះ»៕