ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ថវិកាចំនួន ១០៧ លានដុល្លារដល់កម្ពុជា ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ រយៈពេលប្រាំបីឆ្នាំ ចាប់ពីឆ្នាំ ២០២២-២០៣០។
ព័ត៌មាននេះបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយក្រោយជំនួបនៅ កាលពីរពេលថ្មីៗនេះ រវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ជំនួយឥតសំណងចំនួន ១០៧ លានដុល្លារនឹងត្រូវបានពង្រីកជាពីរដំណាក់កាលគឺ ៦៥ លានដុល្លារដែលនឹងគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងនៅសល់ពីនោះចំនួន ៤២ លានដុល្លារ នឹងគិតពីឆ្នាំ ២០២៨ ដល់ឆ្នាំ២០៣០ ។
ក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
លោកបន្តថា អូស្ត្រាលីតែងតែគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈជំនួយបច្ចេកទេស និងហិរញ្ញវត្ថុលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ថាមពល។ល។
ចំណែកលោកឯកអគ្គរដ្ឋទូត Kang បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងជិតស្និទ្ធរវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការរបស់អូស្ត្រាលី និងការគាំទ្រដល់កម្ពុជា។
កម្ពុជានិងអូស្ត្រាលីប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។