Alynana Media Cambodia
Icon Collap
clinic narit

បិទទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែង មិនមានច្បាប់អាជីវកម្ម ក្លែងបន្លំពាណិជ្ជសញ្ញា និងម៉ាកពាណិជ្ជនាម

Admin Alynana | Apr 05, 2022
បិទទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែង មិនមានច្បាប់អាជីវកម្ម ក្លែងបន្លំពាណិជ្ជសញ្ញា និងម៉ាកពាណិជ្ជនាម
Clinic narith

(បន្ទាយមានជ័យ)៖ ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាងពីរកន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ត្រូវបានបិទបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ច បានរកឃើញកំហុស៨ចំណុច ជាពិសេសអត់ច្បាប់អាជីវកម្ម និងក្លែងបន្លំពាណិជ្ជសញ្ញា និងពាណិជ្ជនាមរបស់សហគ្រាសផ្សេងទៀត។

ប្រតិបត្តការនេះដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិន ពិសុទ្ធ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា ជាមន្ត្រីនគរបាលយុត្តិធម៌ ឋានៈប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក), លោកប្រធានការយាល័យ (គ.ប.ផ.ក) កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងម្ចាស់លំនៅដ្ឋាន។

លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីសហគ្រាសមួយថា មានករណីក្លែងបន្លំពាណិជ្ជម៉ាក ពាណិជ្ជនាមលើទីតាំងខាងលើរបស់ឈ្មោះ ឆម ដាឡែន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅផ្សារណាត់ដើមពុទ្រា សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានចុះស៊ើបរហូតដល់ទីតាំងផ្ទាល់ តែម្ចាស់ទីតាំងចាក់សោរ ហើយរត់គេចខ្លួន មិនចូលរួមសហការជាមួយក្រុមការងារនោះឡើយ។ ក្រោយទាក់ទងទាំងលេខទូស័ព្ទ និងបណ្ដាញសង្គមមិនមានការឆ្លើយតប លោក ស៊ិន ពិសុទ្ធ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញបញ្ជាឱ្យកាត់សោរដើម្បីបើកត្រួតពិនិត្យជាក់ស្ដែង។

រយៈពេលពេញពេញមួយថ្ងៃ ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញថា ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែងនេះបានស្តុកទុកផលិផលរួមមានចំនួន ១១៧មុខ ស្មើនឹង ១៤២កេស សម្ភារៈផលិតគ្រឿងសំអាង និងទំនិញមួយចំនួនទៀត។ ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែងខាងនេះ មិនមានស្លាកសញ្ញាយីហោ ផលិតផលមិនបានចុះបញ្ជី(លេខប្រវេទន៍) ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជកម្មរបស់សហគ្រាសមួយផ្សេងទៀត មិនមានច្បាប់អាជីវកម្ម គ្មានច្បាប់ស្តុកទុក មិនមានប័ណ្ណពន្ធប៉ាតង់ រក្សាទុកពុំមានស្តង់ដាត្រឹមត្រូវ ម្ចាស់ទីតាំងរត់គេចខ្លួនមិនចូលរួមសហការជាមួយសមត្តកិច្ច។

ក្រោយត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចចម្រុះសម្រេចទុកវត្ថុតាងខាងលើនៅក្នុងទីតាំងដដែល ដោយបិតឃ្លុំបេទំនិញ (គ្រឿងសំអាង) ហើយសម្រេចបិទទីតាំងទាំង២កន្លែងនេះ រង់ចាំម្ចាស់ទំនិញចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងនេះ ក៏បានធ្វើសកម្មភាពចែកចាយផលិតផលតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «ដាឡែន បោះដុំគ្រឿងក្រអូបថៃ-ខ្មែរ (Dalen)» ផងដែរ៕