ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀងនៅថ្ងៃទី ៧ ខែមេសា បានសម្ពោធដាក់ឱ្យប្រើប្រាស់ច្រាំងទន្លេវ៉ៃគោប្រវែង ៩៦៧ ម៉ែត្រ និងសួនច្បារ ចំនួន ៧ សួនរួមនឹងសមិទ្ធផលមួយចំនួនទៀត ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ នេះបើតាមរដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការខេត្ត និងក្រុងស្វាយរៀងជាច្រើនរូប។
នៅក្នុងពិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីជាច្រាំងទន្លេ សួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នានៅថ្ងៃនេះ ដែលមានប្រវែង ៩៦៧ ម៉ែត្រ សួនច្បារ ចំនួន ៧ សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន ៣ កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ ឈុត) បង្គោលភ្លើង (អំពូលសូឡា) ៨៤ បង្គោល ដាំដើមឈើ ៨២ ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១ កន្លែង ក្លោងទ្វារ ២ អមសងខាង។
លោកបន្តថា សមិទ្ធផលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលទទួលបានពីផ្លែផ្កានៃសុខសន្តិភាព សម្រាប់ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខ។
លោកបញ្ជាក់ថា៖ «កន្លងមក ទីនេះយើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់ឯកឧត្ដម ហ៊ុន ណេង ជាអភិបាលខេត្តនៅឆ្នាំ ២០០៣ ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះ មានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំ ពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើងវេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ»។
លោកបន្តថា ដូច្នេះហើយទើបនៅឆ្នាំ ២០១៨ ក្នុងនាមលោកជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឱ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានក្រុមការងារ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា ច្រាំងទន្លេថ្មីនេះនឹងដើរតួនាទី ៤ យ៉ាងសំខាន់ៗ គឺ ទី ១ លើកកម្ពស់សោភ័ណភាព ទី ២ លើកកម្ពស់សុខុមាលភាព សង្គម តាមរយៈការផ្ដល់ជាលម្ហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ ទី ៣ សម្រាប់ជាវេទិកាប្រណាំងទូក និងទី ៤ ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមជួយថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើប្រាស់ឱ្យបានគង់វង្សយូរអង្វែង ដោយចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ហើយអាជ្ញាធរក្រុងត្រូវរៀបចំដាក់ធុងសំរាមឱ្យបានច្រើនកន្លែង និងឱ្យមានការសម្អាតជាប្រចាំ។
អាជ្ញាធរក្រុងក៏ត្រូវសហការក្នុងការថែទាំសួន ក៏ដូចជាដើមឈើឱ្យបានល្អ។ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លើសពីនេះ លោកអភិបាលខេត្តបានជំរុញឱ្យបន្តចូលរួមពិនិត្យនៅមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងការងារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខឱ្យបានល្អប្រសើរ៕