(មណ្ឌលគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌នៃប្រជាជាតិខ្មែរ បានផ្ដាំផ្ញើនូវសារអំពាវនាវ៦ចំណុចសំខាន់ៗ ដែលជាគន្លឹះល្អៗសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារកអំឡុងពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាល និងក្រោយពេលសម្រាល ធ្វើយ៉ាងណាសម្របខ្លួនទៅក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
សារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំង៦ចំណុចនោះរួមមាន៖
* ស្រ្តីមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញឱ្យបានទៀងទាត់ចំនួន៤ដងតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ព្រមទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្ដាយទៅកូន។
* សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឬឆ្មបជំនាញ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុពីរឆ្នាំ។
* សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ។
* ប្រញាប់យកទារកទៅមន្ទីរពេទ្យ នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ដើម្បីពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
* សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
* សូមឱ្យស្ត្រីមានផ្ទៃពោះ ក៏ដូចជាស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ «៣ការពារ ៣កុំ» និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។
គួរជម្រាបថា សារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតខាងលើនេះ ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចសរុបចំនួន៣៥គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមរយៈពិធីអប់រំផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារកអំលុងពេលមានផ្ទៃពោះ ក្នុងពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
ពិធីអប់រំផ្សព្វផ្សាយនេះដែរ គឺត្រូវបានរៀបចំដោយកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តមណ្ឌលគិរី ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណសាលាបឋមសិក្សាពូតាំង។
សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីខាងលើ លោកស្រី ម៉ែន នារីសោភ័គ និងសហការីបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ខ្នងផ្ទះជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនច្រើនក្នុងបន្ទុកចំនួន២គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕