ស្ទឹងត្រែង ៖ របាំវាយខែល ជាសមិទ្ធផលក្នុងវិស័យសិល្បៈមួយបែបរបស់បងប្អូនជនជាតិគួយ ដែលបានបង្កើតឡើងជាយូរយារណាស់មកហើយ។របាំនេះបងប្អូនជនជាតិនិយមនាំយកមកសម្តែងនៅក្នុងពិធីបុណ្យផ្សេងៗ ដើម្បីបង្ហាញពីទេពកោសល្យប្រកបដោយភាព ក្លាហាន។
ក្នុងពិធីសម្តែង របាំវាយខែលនៅទីតាំងប្រាសាទព្រះគោថ្ងៃទី១០មេសា លោកកៅជួនអាយុ៦៦ឆ្នាំ ប្រធានក្រុមដឹកនាំជនជាតិគួយបានបញ្ជាក់ថា៖ការនាំយករបាំវាយខែលមកសម្តែងនេះដើម្បីបង្ហាញភាពអង់អាចផង និងចង់អភិរក្សកុំឱ្យបាត់បង់ ទោះបីបច្ចុប្បន្នសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងឧបករណ៍ភ្លេងមួយចំនួន ត្រូវបានបាត់បង់ទៅហើយក៏ដោយ។
លោក បន្តថា៖ របាំនេះក្នុង សម័យប៉ុលពត បានលុបបាត់បង់ចោលទៅហើយ តែនៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក ចាស់ទុំជនជាតិគួយបាន នាំគ្នារំលឹកឡើងវិញ សម្រាប់ឱ្យកូនចៅរួមគ្នាអនុវត្តបន្ត។
លោកសែមធឿន អ្នកកាន់ស្គរបានរៀបរាប់ថា៖របាំវាយខែល នេះ មានអ្នកច្រៀង អ្នកវាយស្គរអ្នកផ្លុំស្លឹក-ផ្លុំស្នែង -ផ្លុំខ្លុយ-គោះជួង និងខែលធ្វើពីស្លឹកទ្រាំង និងដើមឫស្សីមានទំហំទទឹងកន្លះម៉ែត្រ បណ្តោយ១ម៉ែត្រកន្លះ រំពាត់ធ្វើពីដើមផ្តៅ ឬដើមរំពាក់ រុំខ្សែបន្ថែម ប្រវែងប្រមាណ២ម៉ែត្រកន្លះ ជាឧបករណ៍សម្រាប់សម្ដែងរបាំវាយខែល។
លោកបន្តថា៖តំណពីដូនតាមកពេលមានពិធីបុណ្យក្នុងភូមិ ឬបុណ្យផ្សេងៗទៀត ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង បងប្អូនជនជាតិគួយ មានទម្លាប់នាំយករបាំវាយខែលឬហៅថារបាំវាយគួយ មកសម្តែងឱ្យទស្សនិកជនមើល ទៅតាមទម្លាប់ប្រពៃណីតរៀងមក។
លោកថៃអ៊ី អភិបាលរងស្រុកថាឡាបរិវ៉ាត់បានអះអាងថា៖ អាជ្ញាធរតែងតែគាំទ្រ មិនមើលរំលងបងប្អូនជនជាតិយើងទេ ហើយនៅឆ្នាំនេះក៏បានអញ្ជើញពួកគាត់មកចូលរួមលេងកម្សាន្តដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិនិងបានថែរក្សាទំនៀមទម្លាប់របស់ជនជាតិខ្មែរដើមផង។
លោកសុំឱ្យចាស់ទុំជនជាតិជួយបន្តបង្ហាត់បង្រៀនទៅយុវជនជំនាន់ក្រោយឱ្យបានចេះសម្រាប់ធ្វើជាអ្នកបន្តវេននៅពេលដែលអស់ពីចាស់ៗទៅ ហើយអាជ្ញាធរនិងជួយគាំទ្រក្នុងការរៀបចំបណ្តុះបណ្តាល ទាំងសម្ភារៈនិងថវិកា ដើម្បីឱ្យការហាត់រៀននេះដំណើរការទៅបានល្អ។
សូមបញ្ជាក់ថា៖របាំវាយខែល(ឬហៅថាវាយគួយ)នេះនៅពេលវាយម្តងៗគូសម្តែងបានស្ម័គ្រចិត្តចាប់ដៃគូគ្នា មិនថាចាស់ជាមួយក្មេងនោះទេ ហើយបច្ចុប្បន្នរបាំនេះមានតែបងប្អូនជនជាតិគួយនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងនៅស្រុកឆែបខេត្តព្រះវិហារ បានមកសម្តែងកម្សាន្តនៅក្នុងពិធីបុណ្យប្រាសាទព្រះគោជារៀងរាល់ឆ្នាំ ដើម្បីអភិរក្សប្រពៃណីដើមរបស់ជនជាតិភាគតិច ៕