ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន ហៅគណបក្សនយោបាយប្រាប់ពី ប្រធានបទដែលនឹងត្រូវផ្សព្វផ្សាយគោលនយោបាយ និងដើម្បីធ្វើការចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយ គោលនយោបាយ ដែលនឹងត្រូវផ្សព្វផ្សាយនៅតាមប្រព័ន្ធទូរទស្សន៍ និងវិទ្យុរដ្ឋ និងព្រឹត្តិបត្រព័ត៌មានរបស់គ.ជ.ប ក្នុងពេល ឃោសនាខាងមុខនេះ។
ការជជែកពិភាក្សា និងការចាប់ឆ្នោតយកលំដាប់លេខរៀង បានធ្វើឡើងនៅទីស្តីការគ.ជ.ប ព្រឹកថ្ងៃទី១១ ខែមេសា ដោយមានការ ចូលរួមពីតំណាងគណបក្សនយោបាយទាំង១៧ ដែលបានចុះបញ្ជីបេក្ខជនប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា។
ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង និងជាប្រធានគណៈកម្មការសម្របសម្រួល នៃអគ្គលេខាធិការដ្ឋានគ.ជ.ប បានឱ្យដឹងថា ក្រោយពីចាប់យកលំដាប់លេខរៀងបានហើយ គឺគណបក្សនយោបាយនីមួយៗ ត្រូវរៀបចំខ្លឹមសារ និងស្ប៉តនៃគោលនយោបាយ របស់ខ្លួន ពាក់ព័ន្ធនឹងការងារក្នុងឃុំ-សង្កាត់មានជាអាទិ៍៖ ការដោះស្រាយបាតុភាពផ្សេងៗដែលកើតមានក្នុងឃុំ-សង្កាត់, ការរៀបចំចាត់ចែង និងផ្តល់សេវាសាធារណៈ, ការពង្រឹងការអនុវត្តន៍ច្បាប់, ការធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ, ការពង្រឹងការអប់រំសិក្សាធិការ សង្គមកិច្ច និងការលើកស្ទួយសុខុមាលភាព ក្នុងបរិបទកូវីដ-១៩, ការការពារថែរក្សាបរិស្ថាន អនាម័យ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ជាតិ, ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់ជីវភាព ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច, ការពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងឃុំ-សង្កាត់។
យោងតាមប្រតិទិនរបស់ គ.ជ.ប បានឱ្យដឹងថា ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា៕