(កណ្ដាល)៖ លោកនុត វុត្ថា ប្រធានសាខាពន្ធដាខេត្តកណ្ដាលបានថ្លែងថា កាលពីឆ្នាំ២០២១អំឡុងពេលកូវីដ១៩កំពុងវាយលុក សាខាពន្ធដាខេត្តកណ្ដាល នៅតែតស៊ូប្រឹងប្រែងប្រមូលពន្ធជូនរដ្ឋបានលើសផែនការរហូតដល់ទៅ ៣២៩.៤៥ភាគរយ ដែលនេះជាតួលេខប្រវត្តិសាស្ត្រខ្លួន ដោយទទួលបានចំណាត់ល្អ ហើយក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំផងដែរ ។
លោកអះអាងថា ទាំងនេះកើតឡើងបានដោយសារតែការគោរពអនុវត្តន៍តាមការណែនាំរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។
លោក នុត វុត្ថា ទៀតថា ផ្អែកតាមការខិតខំប្រឹងប្រែងទាំងឈឺទាំងជា អំឡុងពេលសម័យកូវីដផ្ទុះខ្លាំង សាខាពន្ធដាខេត្តកណ្ដាលសម្រេចបានការងារយ៉ាងគាប់ប្រសើរ ពោលគឺអាស្រ័យលើការការដឹកនាំបានល្អ មានសមត្ថភាពគ្រប់គ្រងទៅលើប្រព័ន្ធ គ្រប់គ្រងលើបុគ្គលិកបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ទើបការងារប្រមូលពន្ធអាចដំណើរការបានរលូនល្អទៅមុខយ៉ាងដូច្នេះ ។
ជាមួយគ្នានេះដែរ លោកក៏បានចេញមុខច្រានចោលការចោទប្រកាន់ផ្សេងៗមកលើលោក និងបានសម្តែងការខកចិត្តចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ ក្នុងស្រុកមួយចំនួនតូច ដែលពុំបានធ្វើការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវ ហើយដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងមន្ត្រីនៅសាខាពន្ធដារខេត្តកណ្តាល។ លោកបានធ្វើការបំភ្លឺថា ការដោះដូរមន្ត្រី ៥រូប នៅសាខាពន្ធដារខេត្តកណ្តាលនាពេលកន្លងមក គឺជាការផ្លាស់ប្ដូរមន្ត្រីជាធម្មតារបស់ថ្នាក់ដឹកនាំ ដើម្បីជាបទពិសោធន៍ការងារ និងក៏ជាការពង្រឹងសមត្ថភាពបន្ថែមដែលជាផ្នែកមួយ នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល មិនមែនលោកជាអ្នកសម្រេចទេ។
ដោយឡែកពាក់ព័ន្ធនឹងការចោទប្រកាន់ថា ផ្អិបទុកឯកសារយូររហូតដល់៣ខែនោះ គឺមិនអាចធ្វើទៅបានទេ ព្រោះ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធត្រេកឃឺង (Tracking System) ដែលអាចឆែកដឹងថាឯកសារចេញពីណាដល់ណាតាម ប្រព័ន្ធឃ្យូអខូដ (QR Code) ពោលគឺអ្នកជាប់ពន្ធក៏អាចស្កេនដឹងតាមរយៈទូរស័ព្ទដៃ ពុំអាចភូតកុហកបានឡើយ។
លោក នុត វុត្ថា ក៏បានបន្ថែមថា បើសិនជាអ្នកជាប់ពន្ធមានបញ្ហាអ្វី ឬក៏ឯកសារមានការយឺតយ៉ាវ អាចទំនាក់ទំនងទៅរដ្ឋបាលសាខាពន្ធដារ ខេត្តកណ្តាល រៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទដល់សុក្រ។
គួរជម្រាបថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោហ៊ុន សែន បានធ្វើការកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដាក្រោមការដឹកនាំរបស់លោក គង់ វិបុល ដែលបានប្រមូលពន្ធបានលើសផែនការជាប្រវត្តិសាស្ត្រ ។ ហើយជាមួយគ្នានេះដែរ សាខាពន្ធដាខេត្តកណ្ដាល ក៏បានសម្រេចស្នាដៃដ៍ធំធេងរបស់ខ្លួនផងដែរ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រមូលពន្ធបានលើសផែនការរហូតដល់ទៅ ៣២៩.៤៥% ឯណោះ នៅឆ្នាំ២០២១ ហើយគិតត្រឹមតែរយ:ពេល ៣ខែប៉ុណ្ណោះ នៅដើមឆ្នាំ២០២២នេះ សាខាពន្ធដាខេត្តកណ្ដាលប្រមូលពន្ធបានជាង ៤០%ទៅហើយ ៕