
ភ្នំពេញ៖ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២ នេះមានគ្រោះអគ្គិភ័យកើតឡើងចំនួន ៧ ករណីនៅក្នុងខេត្តចំនួន ៦ រួមមានខេត្តបាត់ដំបង ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយបានឆេះខូចខាតផ្ទះអស់ចំនួន ៥ ខ្នង តូបលក់ដូរចំនួន ១ និងឃ្លាំងរោងចក្រអគ្គិសនីចំនួន ១។
ថ្វីបើយ៉ាងដូច្នេះក្ដី ទិន្នន័យដដែលគូសបញ្ជាក់ថា៖ «យ៉ាងហោចណាស់មាន ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ ហើយមនុស្ស ៥ គ្រួសារទៀត បាត់បង់ជម្រក គ្រឿងបរិក្ខារអគ្គិសនីមួយចំនួន ដែលក្នុងនោះមានទាំងខ្សែកាប្លិ៍ភ្លើងចំនួន ៣៨ ដុំ និងទ្រព្យសម្បត្តិមួយចំនួនទៀតបានឆេះខូចខាតទាំងស្រុង»។
លោក នេត្រ វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថានៅថ្ងៃទី ១៧ ខែមេសាថា គ្រោះអគ្គិភ័យ នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការចូលរួមបង្ការទប់ស្កាត់កុំឱ្យកើតមានទាំងអស់គ្នា ព្រោះករណីគ្រោះអគ្គិភ័យភាគច្រើន កើតឡើងពីភាពធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ គ្រឹះស្ថាន សហគ្រាស និងរោងចក្រ។
លោកបញ្ជាក់ថា៖ «ករណីគ្រោះអគ្គិភ័យដែលបានកើតឡើងក្នុងអំឡុងពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ នេះ ត្រូវបានរកឃើញមកពីការផ្ទុះឆ្លងចរន្តអគ្គិសនីចំនួន ៣ ករណី ដុតភ្លើងទៀនធូប និងដុតសំរាមដោយខ្វះការប្រុងប្រយ័ត្ន ចំនួន ៣ ករណី និង ១ ករណីទៀតកំពុងបន្តស្រាវជ្រាវ»។ បើតាមលោក វន្ថា គ្រោះអគ្គិភ័យនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ មានការថយចុះចំនួន ៧ ករណី បើធៀបទៅនឹងរយៈពេល ៣ ថ្ងៃដូចគ្នានៃពិធីបុណ្យចូលឆ្នាំចិន ដែលបានប្រព្រឹត្តទៅកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២២ ដែលមានចំនួនរហូតដល់ ១៤ ករណី៕