
ស្ត្រីអាជីវករឈ្មោះ សួន សុខា បានប្រាប់ថា នៅបុណ្យចូលឆ្នាំថ្មីនេះនាងលក់កាំភ្លើងជ័របាញ់ទឹកដាច់ច្រើនហើយចំណេញប្រាក់សឹងគុណនឹងពីរ។ ចំពោះតម្លៃទិញចូលវិញក្នុង១ដើម (កាំភ្លើងខ្នាតធំ) ថ្លៃ ៥ ម៉ឺនរៀល ដល់ពេលលក់ចេញឲ្យម៉ូយតម្លៃ ១០ ម៉ឺនរៀល ខណៈដែលរកកាំភ្លើងលក់មិនបានផង។
បើតាមអាជីវកររូបនេះ កាលពីថ្ងៃបុណ្យចូលឆ្នាំថ្ងៃដំបូងគឺមិនសូវលក់ដាច់ប៉ុន្មានទេប៉ុន្តែចូលដល់ថ្ងៃទី២ និងថ្ងៃទី៣ស្រាប់តែអ្នកទិញមកសម្រុកទិញដោយមិនគឹតពីថ្លៃធ្វើយ៉ាងណាឲ្យតែមានកាំភ្លើងលក់ឲ្យ។
ចំណែកអ្នកលក់បោះដុំនៅផ្សារច្បារអំពៅវិញបាននិយាយថា មុនថ្ងៃបុណ្យចូលឆ្នាំមុនថ្ងៃសម្រាកអ្នកលក់បោះដុំកាំភ្លើងបាញ់ទឹកខ្នាតធំមិនសូវមានម៉ូយមកទិញយកទៅលក់បន្តទេព្រោះខ្លាចសមត្ថកិច្ចមិនអនុញាតឲ្យលេងដែលនាំឲ្យជួបគ្រោះថ្នាក់ហើយលក់ដាច់តែកាំភ្លើងបាញ់ទឹកខ្នាតតូចប៉ុណ្ណោះ។
លុះដល់ថ្ងៃចូលឆ្នាំថ្ងៃទី២ក៏ស្រាប់តែមានម៉ូយមកពីតាមបណ្តាខេត្តឲ្យបញ្ជូនកាំភ្លើងបាញ់ទឹកខ្នាតធំទៅឲ្យដោយបញ្ជាក់ថា មានប៉ុន្មានយកទាំងអស់។ ដូច្នេះកាំភ្លើងបាញ់ទឹកខ្នាតធំឆ្នាំនេះលក់ដាច់ខ្លាំងណាស់រហូតដល់គ្មានកាំភ្លើងលក់ទៀតផង។
អ្នកស្រី ហុង ធីតា ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឬស្សីបានបញ្ជាក់ដូចអ្នកផ្សារច្បារអំពៅដែរថា ឆ្នាំនេះកាំភ្លើងបាញ់ទឹកខ្នាតធំលក់ដាច់ខ្លាំងហើយក៏ចំណេញគួរសមផងលើទំនិញដ៏ទៃទៀត៕