ខេត្តព្រះសីហនុ ៖ ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន ៦ នាក់ បម្រើការនៅមណ្ឌលសុខភាព ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានរដ្ឋមន្ដ្រី-ក្រសួងសុខាភិបាលឯកភាពឱ្យរដ្ឋបាលខេត្ដសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី ១ ពីការប្រព្រឹត្ត កំហុស និងភាពឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ករណីពលរដ្ឋទៅរកសេវាសម្រាលកូន ប៉ុន្ដែគ្មានគ្រូពេទ្យប្រចាំការបណ្ដាលឱ្យសម្រាលកូននៅមុខមណ្ឌលសុខភាព។
ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី ១៨ ខែមេសា បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ករណីប្រជាពលរដ្ឋសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនេះ។ កិច្ចប្រជុំមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស។
របាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្នុងកិច្ចប្រជុំបានឱ្យដឹងថា កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលកូនមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស។ ប៉ុន្តែមិនឃើញមានគ្រូពេទ្យប្រចាំការរហូតដល់ម៉ោងជាង ៨ ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំងម្តាយ និងកូន គឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។
ប៉ុន្តែតាមការរាយការណ៍របស់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុសថា ករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោងប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុឱ្យដឹង នាថ្ងៃទី ១៩ មេសាថា ចំពោះការប្រព្រឹត្តកំហុសនេះក្រុមគ្រូពេទ្យក៏បានទៅសុំទោសក្រុមគ្រួសារស្ត្រី ដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។
លោកថ្លែងថា៖ «បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តមអភិបាលខេត្តបានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុសអនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេលគឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ»។
លោកបន្តថា៖ «ឯកឧត្ដមអភិបាលខេត្ដក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត សូមយកបទពិសោធនៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀតឱ្យមានការទទួលខុសត្រូវ។ ព្រោះយើងមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវ»។
លោកប្រាប់ឱ្យប្រធានមន្ទីរសុខាភិបាលខេត្តត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និងការប្តូរវេនយាមចាប់ពីថ្ងៃនេះតទៅគឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះ ចេញនោះទេ។ អ្នកថ្មីមិនទាន់មកដល់អ្នកចាស់មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យបានត្រឹមត្រូវពីវេន ១ ទៅវេន ១។
បើតាមលោក ឃាង ភារម្យ ដោយទទួលបានការឯកភាពពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី-ក្រសួងសុខាភិបាលរួចមក លោក គួច ចំរើន ដែលជាប្រធានអង្គប្រជុំបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី ១។ (ក-ស្តីបន្ទោស ខ-ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន គ-ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ ឃ-លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់) ចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន ៦ នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវពីការប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
លោកបានឱ្យដឹងថា លោកអភិបាលខេត្ដក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុសត្រូវធ្វើការកែលម្អ ដើម្បីជាការប៉ះប៉ូវនូវកំហុសឆ្គងកន្លងមក។ ករណីមិនមានការកែប្រែនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការបន្ត។
លោកថ្លែងថា៖ «ចំពោះក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ចប្រជុំបានឯកភាពទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ [ហ៊ុន សែន] និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត [ប៊ុន រ៉ានី ហ៊ុន សែន] ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេស លោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុសដែលបានជួយសម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក»។
លោកបានបន្ថែមថា ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេឃុំកែវផុស ធ្វើជាត្រកូលឱ្យកូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ។
លោក ភារម្យ បញ្ជាក់ថា៖ «បច្ចុប្បន្ន ស្ដ្រីដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពកែវផុស កាលពីព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ គឺទាំងម្ដាយ ទាំងកូន មានសុខភាពល្អ ហើយពួកគាត់បានស្នើសុំទៅសម្រាកថែទាំសុខភាពបន្តនៅផ្ទះរបស់ខ្លួន»៕