Alynana Media Cambodia
Icon Collap
clinic narit

សុខសន្តិភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបានឆ្លុះបញ្ចាំងការគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៅកម្ពុជា

Admin Alynana | Apr 21, 2022
សុខសន្តិភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបានឆ្លុះបញ្ចាំងការគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ការអនុវត្តនូវសិទ្ធិ និងសេរីភាពយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៅកម្ពុជា។

តាមរយៈបណ្តាញសង្គមរបស់ខ្លួននាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ព្រហ្ម វិចិត្រអក្ខរា បានគូសបញ្ជាក់ថា ការការពារបាននូវរដ្ឋធម្មនុញ្ញ ដែលមានអាយុកាលជាង ២៩ឆ្នាំ គិតចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បង្កើតបាននូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ននេះ គឺជាសក្ខីភាពនៃការធានាបាននូវ «សុវត្ថិភាពគតិយុត្តិ» ( Sécurité Juridique ) ដែលជាមូលដ្ឋានគ្រឹះនៃ «សុខ សន្តិភាព និងការអភិវឌ្ឍ»។

លោកបន្ថែមថា អង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអំណាចតុលាការ កំពុងឈរលើបន្ទាត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយបានដើរទន្ទឹមគ្នាលើកំណែរទម្រង់នានា ដើម្បីជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលផ្នែកច្បាប់មួយរបស់កម្ពុជា បានគូសរំលេចទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងប្រជាជាតិគ្រប់ជាតិសាសន៍ តាមគ្រប់រូបភាព តាមគ្រប់ទិដ្ឋភាព និងគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា បង្ហាញឱ្យឃើញពីការអនុវត្តសិទ្ធិនិងសេរីភាពយ៉ាងទូលំទូលាយ ក្នុងសន្តិភាព និងការអភិវឌ្ឍ ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងបុព្វហេតុធានាបាននូវសុខ សន្តិភាព ពេញផ្ទៃប្រទេស ជាពិសេស ស្ថាប័នជាតិទាំងនោះ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំពារនូវសិទ្ធិនិងសេរីភាពពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សប្បុរ និង និន្នាការនយោបាយឡើយ៕