Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចាត់ទុកទឹកជា «មាសស» ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន

Admin Alynana | Apr 23, 2022
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចាត់ទុកទឹកជា «មាសស» ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន
Clinic narith

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកទឹកថាជា «មាសស» ដែលជាចលករដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្ដែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាន និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាចាត់ទុកទឹកថាជា “មាសស" ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន»។

សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើសកម្មភាពរួមគ្នារបស់យើង នឹងធានាបាននូវជោគជ័យក្នុងការសម្រេចគោលដៅខាងលើ។

កម្ពុជាក៏ទន្ទឹងរង់ ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹង សេចក្តីប្រកាសក្នុងខ្លីម៉ាបូតុដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់ពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដែលធានាឱ្យបាននូវការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់មនុស្សជាតិគ្រប់ជំនាន់៕