Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប

Admin Alynana | Apr 25, 2022
ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប
Clinic narith

សៀមរាប៖​ កាលពីថ្ងៃសៅរ៍ទី ២៣ ខែ មេសា ឆ្នាំ២០២២ គណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយឯកឧត្តម OM BIRLA ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា កម្ពុជា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និង ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានមកដល់ខេត្តសៀមរាប ក្រោមការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក លោកស្រីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាមួយចំនួនក្នុងខេត្តផងដែរ ។

ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសម្តែងការគួរសមជាមួយគ្នារួចមក ឯកឧត្តម OM BIRLA ប្រធានសភា និង គណ:ប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត ដែលអមដំណើរពីសំណាក់អភិបាល នៃគណ:អភិបាលខេត្តនេះផងដែរ។

នារាត្រីថ្ងៃនោះដែរ ឯកឧត្តម ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូ បានទទួលស្វាគមន៍ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ជូនឯកឧត្តមប្រធានសភា និងសមាជិកគណ:ប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និង អំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ មោទនភាពនៅលើទឹកដីដ៏ពិសិដ្ឋនេះ។

ក្នុងនាម ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម OM BIRLA និងគណ:ប្រតិភូ ដែលបានអញ្ជើញធ្វើទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងបរិបទកូវីដ១៩នេះ ក្នុងគោលបំណងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព រវាងស្ថាប័ននីតិបញ្ញតប្រជាជន និងប្រទេសទាំងពីរ កម្ពុជា ឥណ្ឌា ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាឥណ្ឌា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ខេត្តសៀមរាបមនិងប្រទេសកម្ពុជាទាំងមូល និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយក្នុងការស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ ព្រមទាំងវិស័យការទូត ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា គ្រប់កាល:ទេស:ទាំងអស់ ។ ទន្ទឹមនឹងនោះរដ្ឋាភិបាលឥណ្ឌា បានជួយឧបត្ថម្ភលើវិស័យមួយចំនួន រួមមាន ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ការងារជួយឧបត្ថម្ភលើសាលាក្ដីខ្មែរក្រហម ការងារជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ការសាងសង់សារ:មន្ទីរវាយនភណ្ឌ ក្នុងខេត្តសៀមរាប និងជួសជុលប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងវិស័យជាច្រើនទៀត។

ឯកឧត្តម OM BIRLA បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនង វប្បធម៌ និងប្រវត្តិសាស្ត្រ រវាងឥណ្ឌា និងកម្ពុជា មានអាយុកាលជាង១សហសវត្សមកហើយ ជាក់ស្តែងភស្តុតាងបញ្ជាក់ច្បាស់គឺប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទអង្គរវត្ត ដែលមកដល់ពេលនេះបានក្លាយជាទីតាំងដ៏ចំណាស់បំផុត នៃវប្បធម៌ និងសាសនាឥណ្ឌា និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នរបស់ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានរក្សា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌាបានល្អ ទោះបីជាប្រជាជនកម្ពុជា កាន់សាសនាព្រះពុទ្ឋភាគច្រើនលើសលប់ក្តី ក៏កម្ពុជា ជាពិសេសខេត្តសៀមរាប នៅមានប្រាសាទរចនាបទហិណ្ឌូជាច្រើនផងដែរ ។ ហេតុនេះស្នើដល់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បន្តសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តសៀមរាប ក្នុងការពង្រឹងទំនាក់ទំនងការទូតឲ្យកាន់តែល្អថែមទៀត ឱ្យសមជាប្រទេសបងប្អូនមានអារ្យធ៌ និង វប្បធម៌ស្រដៀងគ្នានេះ កាន់តែរឹងមាំថែម ទៀត។

 

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះឯកឧត្តម OM BIRLA ព្រមទាំងគណ:ប្រតិភូអមដំណើរ បានធ្វើមាតុភូមិនិវត្ត តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើររបស់ក្រុមហ៊ុន Singapore Air line ក្រោមវត្តមានជូនដំណើរពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផង ប្រកបដោយសុវត្ថិភាពខ្ពស់ ៕

photo_2022-04-24_23-28-09photo_2022-04-24_23-28-12photo_2022-04-24_23-28-02photo_2022-04-24_23-28-00photo_2022-04-24_23-27-58photo_2022-04-24_23-27-53photo_2022-04-24_23-27-55photo_2022-04-24_23-28-04photo_2022-04-24_23-27-56