ផ្លូវល្បឿនលឿនរួមចំណែកយ៉ាងសំខាន់ ជួយប៉ូលសេដ្ឋកិច្ចចំនួនពីរ គឺទី១ ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងទី២ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ តាមរយៈការធ្វើដំណើរបានលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយ។ នេះបើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៦ ខែ មេសា ក្នុងដំណើរដឹកនាំយុវជនក្រសួងសាធារណការ និងសិស្សនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន សរុបជាង ៤០០ នាក់ ចុះទស្សនកិច្ច ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។
ចំពោះការចំណាយលើការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ សាធារណជនជាច្រើនមានចម្ងល់ ចង់បានចម្លើយ ដើម្បីងាយស្រួលក្នុងការពិចារណា លើការចំណាយបើកបរលើផ្លូវនេះ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះថា« តម្លៃយើងមិនទាន់បានពិភាក្សាគ្នានៅឡើយទេ ថាយកប៉ុន្មាន ឱ្យសមរម្យ យកថ្លៃពេក ក៏គេមិនជិះដែរ គេនឹងទៅជិះលើផ្លូវដែលអត់យកលុយ តែបើយកថោកពេក ក៏មិនអាចប្រមូលដើមទុនមកវិញបានទេ»។
លោករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍ថា នៅលើពិភពលោក ការប្រើប្រាស់ផ្លូវល្បឿនលឿន គឺត្រូវចំណាយចាប់ពី ១០សេនទៅ ១២សេន ក្នុងមួយគីឡូម៉ែត្រ តាមស្តង់ដារអន្តរជាតិ។ ដោយឡែកកម្ពុជា ក្រសួងបានស្នើក្រុមហ៊ុនសាងសង់ផ្លូវនេះ យកត្រឹមក្រោម ១០សេន ក្នុងមួយគីឡូម៉ែត្រ។ លោកថា ក្រុមហ៊ុនកំពុងពិចារណា លើសំណើនេះ។
បើតាមការគណនា ចម្ងាយផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ប្រមាណជាង ១៩០គីឡូម៉ែត្រ ត្រូវចំណាយថវិកាលើការប្រើប្រាស់ផ្លូវនេះអស់ជាង ៦ម៉ឺនរៀល ស្មើនឹងជាង ១៥ដុល្លារ។ នេះបើគិតត្រឹម ៨សេន ក្នុងមួយគីឡូម៉ែត្រ។
លោករដ្ឋមន្រ្តី រំពឹងថា ក្រោយដាក់ឱ្យដំណើរការផ្លូវនេះ ក្រុងព្រះសីហនុកាន់តែរីកចម្រើនលឿនថែមទៀត។
គម្រោងសាងសង់នេះ ត្រូវបានវិនិយោគដោយសាជីវកម្មផ្លូវថ្នល់ និងស្ពានប្រទេសចិន (CRBC) តាមរយៈក្រុមហ៊ុនផ្លូវល្បឿនលឿន PPSHV កម្ពុជា (Cambodian PPSHV Expressway Co., Ltd) ដោយមានតម្លៃ ១.៩ ពាន់លានដុល្លារ លាតសន្ធឹងប្រវែងជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង។
ផ្លូវនេះ មានទទឹងសរុប ២៤.៥ ម៉ែត្រ ខណៈចរាចលើគន្លងផ្លូវចំនួន ៤ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរបានដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះមានល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕