ភ្នំពេញៈ គម្រោងវិនិយោគវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៨,៨ លានដុល្លារ និងបង្កើតការងារ ២ ០០៥កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមឱ្យវិនិយោគកាលពីសប្តាហ៍កន្លងមក។
យោងតាម CDC គម្រោងវិនិយោគទាំង ៣ នេះរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Orient Hongye (Cambodia) Knitting Co., Ltd នៅក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ មានទុនវិនិយោគ ៣ លានដុល្លារ បង្កើតការងារ ៥១៤ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Kylin (Cambodia) Sports Co., Ltd. នៅខណ្ឌដង្កោ មានទុនវិនិយោគ ៥,៣ លានដុល្លារ បង្កើតការងារបាន ៧១៤ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន Spearhead Commodities (Cambodia) Co., Ltd នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទុនវិនិយោគ ១០,៥ លានដុល្លារ និងអាចបង្កើតការងារបាន ៧៧៧ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅពេលនេះចំនួនគម្រោងវិនិយោគដែលដាក់ពាក្យស្នើសុំ និងទទួលបានការអនុម័តពី CDC កើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេសនៅក្នុងការចូលមកបណ្តាក់ទុននៅកម្ពុជា អាចមកពីការរួមផ្សំមួយចំនួនដូចជា ច្បាប់វិនិយោគថ្មីដែលមានលក្ខណៈងាយស្រួល និងមានភាពទាក់ទាញ, សុខភាពសាធារណៈនៅកម្ពុជាមានភាពល្អប្រសើរ និងចៀស-ឆ្ងាយពីជំងឺផ្សេងៗ, កម្លាំងពលកម្មមានតម្លៃសមរម្យ និងសម្បូរ និងមានទីផ្សារជាមួយប្រទេសធំៗជាច្រើនលើពិភពលោក។ លោកបន្ថែមថា កំណើននៃការបណ្តាក់ទុនវិនិយោគបាននិងកំពុងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្ដាសោភា កន្លងមកធ្លាប់បាននិយាយថា កម្ពុជា គឺជាប្រទេសដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈកម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាពទាក់ទាញ និងអំណោយសម្រាប់ការចូលមកបណ្តាក់ទុន។
លោកថ្លែងថា៖ «តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី»៕