ភ្នំពេញៈ អ្នកនៅតំបន់ដីសណ្ដរតាមបណ្ដោយដងស្ទឹងព្រែកត្នោត គួរបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកនៅអាងស្តុកទឹកធំៗមួយចំនួនបានជន់ឡើងលើសពីកម្រិតដែលត្រូវរក្សាទុក ហើយក្រុមមន្ត្រីធនធានទឹក បានបើកទ្វារទឹកនៃអាងស្តុកទឹកទាំងនោះ ឱ្យហូរស្រុងមកតាមដងស្ទឹងព្រែកត្នោតជាបណ្ដើរៗ។ នេះបើតាមមន្ត្រីធនធានទឹកខេត្តកំពង់ស្ពឹ កាលពីថ្ងៃទី២ ខែឧសភា។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងបរិមាណពីមធ្យមទៅច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានធ្វើឱ្យកម្ពស់ទឹកនៅក្នុងអាងទឹកធំៗមួយចំនួន ដូចជាអាងទំនប់ស្ទាក់ទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង អាងទឹកខ្ពបគ្រួសស្ថិតក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ និងអាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេកស្រុកឧដុង្គ ទឹកបានជន់ឡើងលើសកម្រិតរក្សាទុក ដែលចាំបាច់ត្រូវបើកបង្ហូរទឹកចេញពីអាង ដើម្បីការពារនូវហានិភ័យផ្សែងៗ ដែលអាចកើតឡើងជាយថាហេតុ ដូចកាលពីឆ្នាំមុន។
លោកបញ្ជាក់ថា៖«នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ក្នុងផ្នែកខ្លះនៃស្រុកភ្នំស្រួច ស្រុកបរសេដ្ឋ ស្រុកឱរ៉ាល់និងក្រុងច្បារមន។ នៅតាមវាលស្រែ ភាគច្រើនមានទឹកដក់ពេញនិងហូរចាក់ទៅរកស្ទឹងព្រែកត្នោតធ្វើឱ្យកម្ពស់ទឹកស្ទឹងព្រែកត្នោតនៅចំណុចទំនប់អាងស្ទាក់ទឹករលាំងជ្រៃ ជន់ឡើងនិងហូរកាត់លើខ្នងទំនប់ ដែលតម្រូវឱ្យយើងត្រូវបើកទ្វារទឹក រំដោះទឹកពីផ្នែកខាងលើឱ្យហូរស្រុងចុះមកផ្នែកខាងក្រោម»។
បើតាមលោកជាបហ៊ង សំណង់ស្ទាក់ទឹកស្ទឹងព្រែករលាំងជ្រៃមានប្រវែង១២ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ដែលពេលនេះត្រូវបានបើកបង្ហើបកម្ពស់០,៥ម៉ែត្រ ដើម្បីឱ្យទឹកហូរធ្លាក់មកផ្នែកខាងក្រោមដោយសន្សឹមៗ ដើម្បីការពារការជន់លិចផ្នែកខ្លះនៃតំបន់ដីសណ្ដរស្ទឹងព្រែកត្នោតផ្នែកខាងលើរបស់ខេត្តកំពង់ស្ពឺ។ ចំណែកទំនប់អាងទឹកមួយចំនួននៅស្រុកបសេដ្ឋ ក៏កំពុងឡើងលើសពីកម្រិតរក្សាទុក ហូរកាត់លើខ្នងទំបន់បង្ហៀរទឹក ធ្លាក់ចុះទៅស្ទឹងស្លាគូ តាមបណ្ដោយផ្លូវជាតិលេខ៣ ផងដែរ។
ជុំវិញករណីនេះ លោកស៊ីម រតនៈ អភិបាលស្រុកសំរោងទង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះ ស្ថានភាពទឹកនៅតំបន់ដីសណ្ដរតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រស្រុកសំរោងទង នៅមិនទាន់បង្កឱ្យមានក្ដីព្រួយកង្វល់នៅឡើយទេ ដោយសារមានប្រឡាយមេធំៗមួយចំនួន ដែលអាចជួយរំដោះទឹកពីស្ទឹងព្រែកត្នោតបានមួយផ្នែកធំ ខណៈការបើកបង្ហូរទឹកពីតាមអាងទឹកធំៗនៅផ្នែកខាងលើនៅមានកម្រិតនៅឡើយ។
លោកថ្លែងថា៖«នៅឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងតាំងពីដើមរដូវនិងមានទឹកដក់ពេញស្រែដោយអន្លើហើយ ប៉ុន្តែនៅមិនទាន់បង្កឱ្យមានការព្រួយបារម្ភទេ។ ទោះយ៉ាងណា អាជ្ញាធរយើងចាំបាច់ត្រូវចុះត្រួតពិនិត្យពីស្ថានភាពទឹក នឹងផ្សព្វផ្សាយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ពិសេសអ្នកដែលរស់នៅតំបន់ដីសណ្ដរស្ទឹងព្រែកត្នោត និងតំបន់ទំនាបជាប់មាត់ទឹក ព្រោះពេលនេះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន»។
ទោះយ៉ាងណានៅរសៀលថ្ងៃទី២ ខែឧសភា ទឹកស្ទឹងព្រែកត្នោត ដែលបានបើកទំលាក់ពីផ្នែកខាងលើនៃសំណង់ស្ទាក់ទឹករលាំងជ្រៃនោះ បានហូរធ្លាក់មកដល់ទំនប់អាងស្ទាក់ទឹក៧មករា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ និងកំពុងហូរកាត់លើខ្នងទំនប់បង្ហៀរទឹក ចុះមកកាន់តំបន់សណ្ដរស្ទឹងព្រែកត្នោត ដែលនៅផ្នែកខាងក្រោមទំនប់៧មករា។ នេះបើតាមលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ។
លោកប្រាប់ថា៖«ស្ថានភាពកម្ពស់ទឹកនៅស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងពេលនេះ គឺ កំពុងស្ទុះងើបឡើងជាបន្តបន្ទាប់ ដែលទាមទារឱ្យពលរដ្ឋដែលនៅតាមដីសណ្ដរតាមបណ្ដោយស្ទឹងនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ»។
បើតាមលោក ប៊ុនធឿន ខ្នងទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំងតូចទាំងធំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រវែងសរុប ៨,៦គីឡូម៉ែត្រ ត្រូវបានសាងសង់ពង្រឹងគុណភាពរួចរាល់ហើយ ខណៈប្រឡាយម័ល ដែលមានប្រវែង២ ៨១៥ម៉ែត្រ ទទឹងពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ត្រូវបានស្តាររួចរាល់ដើម្បីរំដោះការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោកម៉ៅ ប៊ុនធឿន បញ្ជាក់ថា ប្រឡាយម័លនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីលំនៅឋានប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ដោយនាំទឹកចេញពីតំបន់ទាំងនេះទៅចាក់នៅទន្លេបាសាក់ឆ្លងកាត់ប្រឡាយមេបឹងជើងឯក ស្ទឹងជ្រៅនិងស្ទឹងព្រែកត្នោត ។
យោងតាមតារាងព្យាករណ៍ស្ថានភាពទឹកស្ទឹងព្រែកត្នោត របស់ក្រសួងធនធានទឹកនិងឧតុនិយម គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៣,៣៦ម៉ែត្រ(កើនឡើង ០,៨០ម៉ែត្រធៀបថ្ងៃទី៣០ មេសា) នៅទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារ ៧,៣២ម៉ែត្រ(ហូរលើកម្ពស់ទ្វារបិទ ០,៣២ម៉ែត្រ)។ នៅទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ៤,៩៦ម៉ែត្រ(ហូរលើទំនប់បង្ហៀរ០,១៦ម៉ែត្រ)។ កម្ពស់ទឹកខាងក្រោយទ្វារ១,៦០ម៉ែត្រ(កើនឡើង០,៤០ម៉ែត្រធៀបថ្ងៃទី៣០ ខែមេសា)។ ធៀបកម្ពស់ទឹកមុខទ្វារ និងក្រោយទ្វារ ខុសគ្នា៦,៣៦ម៉ែត្រ។
ដោយឡែកនៅឯស្រុកឆែប ខេត្តព្រះវិហារវិញ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ជំនន់ទឹកភ្លៀងបានជន់លិចលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង ដែលកន្លែងខ្លះបានជន់លិចត្រឹមជង្គង់ និងស្មងជើង ប៉ុន្តែមិនបង្កឱ្យមានការខូចខាតផលដំណាំ ឬ ទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ។
លោកស្រី វល្ល័ក្ខ នាយនគរបាលប៉ុស្តិ៍ឆែប១ ប្រាប់ភ្នំពេញប៉ុស្តិ៍ថានៅព្រឹកថ្ងៃទី២ ខែឧសភា មានភ្លៀងមួយមេធំ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវ និងលំនៅឋានប្រជាពលរដ្ឋនៅភូមិឆែបកើត ចំនួនជាង២០ខ្នង ប៉ុន្តែទឹកបានស្រកទៅវិញជាបណ្ដើរវិញហើយក្រោយពីភ្លៀងបានរាំង។
លោកបន្តថា៖«នៅពេលនេះអាកាសធាតុនៅតែអាប់អួ និងមានភ្លៀងរលឹមស្រិចៗនៅឡើយ។ ទោះយ៉ាងណាសមត្ថកិច្ចយើងបានត្រៀមកម្លាំងនិងសម្ភារ សម្រាប់ជួយអន្តរាគមន៍សង្គ្រោះអ្នកភូមិទៅកាន់ទីទួលសុវត្ថិភាពរួចជាស្រេចហើយ ក្នុងករណីមេឃនៅបន្តធ្លាក់ភ្លៀងខ្លាំង បង្កជាជំនន់ទឹកភ្លៀងកាន់តែធ្ងន់ធ្ងរជាងនេះ»៕