ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបង្ហាញពីដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរោងពុម្ព ដែលស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នេះ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ភមានចំនួនជាង ១១ លាន ៦ សែនសន្លឹក ហើយសន្លឹកឆ្នោតត្រៀមមានជាង ១ លាន ២ សែន សន្លឹក ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១០ ពាន់លានរៀល។
ថ្លែងនៅក្នុងឱកាសនោះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយក្នុងចំណោមគណបក្សនយោបាយទាំងនោះ មានគណបក្សខ្លះបានដាក់បេក្ខជនឈរឈ្មោះគ្រប់ឃុំ សង្កាត់ ទាំងអស់ទូទាំងប្រទេស តែគណបក្សខ្លះឈរបានត្រឹមតែ ៤ ឃុំ សង្កាត់ប៉ុណ្ណោះ។ បើតាមលោក ហង្ស ពុទ្ធា បានឱ្យដឹងថា ទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ពនាពេលនេះមានប្រមាណ ១ ៦៥២ ប្រភេទ ហើយទម្រង់សន្លឹកឆ្នោតនេះ គឺផ្អែកទៅតាមលទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខ រៀងគណបក្សនយោបាយនៅតាម ឃុំ សង្កាត់ នីមួយៗ ហើយលំដាប់លេខរៀងនេះ គ.ជ.ប យកមកដាក់នៅលើសន្លឹកឆ្នោត ដើម្បីធ្វើការបោះពុម្ព។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ មានប្រមាណ ១១ ៦១១ ៤០០ សន្លឹក ហើយសន្លឹកឆ្នោតត្រៀម មានចំនួន ១២ ៣៩០ ០០ សន្លឹក។ សន្លឹកឆ្នោតនេះ ក៏មានដាក់ចំណុចពិសេស ដើម្បីធានាបានថា មិនអាចយកទៅបោះពុម្ពក្លែងក្លាយបានឡើយ។
លោក ហង្ស ពុទ្ធា អះអាងថា សន្លឹកឆ្នោតនេះ បានចាប់ផ្ដើមដំណើរការបោះពុម្ពតាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ មកម្លេះ ដែលមកដល់ពេលនេះ បានរួចរាល់ចំនួន១៨ ខេត្តហើយ។
ចំណែកលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងដែរថា ការបោះពុម្ពសន្លឹកឆ្នោតទាំងអស់ ដែលត្រូវប្រើប្រាស់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នេះ ទាំងសន្លឹកឆ្នោតបម្រុងផង អស់ទឹកប្រាក់ប្រមាណ ១០ ពាន់លានរៀល៕