Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​ចំនួន ​៣ ​គ្រោង​ពិភាក្សា​ពី​ការកំណត់​អាយុ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង

Admin Alynana | May 06, 2022
ក្រសួង​ចំនួន ​៣ ​គ្រោង​ពិភាក្សា​ពី​ការកំណត់​អាយុ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង
Clinic narith

ភ្នំពេញៈ ក្រសួង​ចំនួន​ ៣ មាន​គម្រោង​ជួបពិភាក្សា​ ដើម្បី​កំណត់​ពី​អាយុ​អ្នក​ដែល​អាច​អនុញ្ញាតឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ដែលជា​ផ្នែក​មួយ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឱ្យដឹង​បែបនេះ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-​អាស៊ាន (US-ABC) ដឹកនាំ​ដោយ​លោក Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ US-ABC កាលពី​ថ្ងៃទី​ ៤ ខែឧសភា​។

យោងតាម​ការបង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ក្រសួង​បាននិង​កំពុង​សហការ​ជាមួយ​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​ ដើម្បី​ឈាន​ទៅដល់​ការពិចារណា​លើ​ការកំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង សម្រាប់​មនុស្ស​ពេញវ័យ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

នៅក្នុង​ជំនួប​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​សម្រេចបាន​គម្រោង​កំពុង​អនុវត្ត​បន្ត និង​គម្រោង​សាងសង់​នាពេល​អនាគត​ផងដែរ​។

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ០៥ ​ខែឧសភា ថា ក្រសួង​ទាំង​ ៣ មិនទាន់​បាន​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​លើ​ចំណុច​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​គ្រោង​សម្រាប់​អនាគត ហើយ​ឥឡូវ​ក៏​មិនទាន់​បានចេញ​សេចក្តី​ព្រាង​អ្វី​នៅឡើយ​ដែរ​។

 

លោក​មានប្រសាសន៍​ថា៖ «​ដូច​យើង​ទាំងអស់​គ្នា​បានដឹង​ស្រាប់​ហើយ​នូវ​បញ្ហា​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​យើង​ឃើញ​ហើយ​នៅ​កម្ពុជា​យើង បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ទទួលទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ច្រើន​ខុសពេល​វេលា​ដែល​ធ្វើឱ្យ​ការបើកបរ​បង្ក​ការ​គ្រោះថ្នាក់​មាន​ច្រើន​ដែរ​»​។

លោក គង់ វិមាន បាន​បន្ថែមថា ដោយសារ​មូលហេតុ​នេះហើយ​បានជា​ក្រសួង​បានគិត​គូរ​ថា ចំពោះមុខ​ប្រសិន​បើជា​អាច​អន្តរក្រសួង​នឹង​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​នេះ ដើម្បី​កំណត់​លើ​មនុ​ស្សណា​ដែល​អាច​ទទួលទាន​គ្រឿង​ស្រវឹង​បាន​។ លោក​បញ្ជាក់ថា៖ «​យើង​មិនទាន់បាន​ជជែក​គ្នា​ជា​ផ្លូវការ​នៅឡើយ​ទេ លើ​ការងារ​នេះ អ៊ីចឹង​ខ្ញុំ​មិនទាន់​អាច​និយាយ​អ្វី​នៅឡើយ​ទេ ហើយ​ទាក់ទង​នឹង​ជំនួប​រវាង​អន្តរក្រសួង​នៅពេលណា​នោះ​នឹង​ចេញ​ព័ត៌មាន​នៅពេល​ក្រោយ​»​។

ទាក់ទង​នឹង​គម្រោង​លើ​ការពិចារណា​កំណត់​អាយុ​មនុស្ស សម្រាប់​ការអនុញ្ញាត​ឱ្យទទួលទាន​គ្រឿង​ស្រវឹង​នេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែឧសភា ថា អវត្តមាន​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​គ្រឹះស្ថានសិក្សា ជា​ការចូលរួម​លើកកម្ពស់​សុខភាព បុគ្គល គុណភាព​អប់រំ និង​គុណភាព​ជីវិត​។ លោក​មានប្រសាសន៍​ថា៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​ស្វាគមន៍​ និង​ថ្លែងអំណរគុណ​ចំពោះ​ការលើក​ទឹកចិត្ត និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​សុខភាព​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​តាមរយ:​គ្រប់​រូបភាព​»​។ គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ខុសច្បាប់​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​។

លោក រស់ សុវាចា បញ្ជាក់ថា៖ «​ក្រសួង​អប់រំ បាននិង​កំពុង​​បន្ត​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង ហើយ​ក្រសួង​ក៏​សហការ​ជាមួយ​ដៃគូ​ការងារ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ខុសច្បាប់​»​។ សម្រាប់​លទ្ធផល​នៃ​ដំណើរការ ពិភាក្សា​លើ​បញ្ហា​ទាំងនេះ​លោក​ រស់ សុវាចា បាន​លើកឡើងថា ក្រសួង​នឹងមាន​ការ​ជម្រាបជូន​នាពេល​ក្រោយ​។

លោក សំ សំណាង អាយុ ២៩ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ជាការ​ល្អប្រសើរ​បំផុត បើ​ក្រសួង​ទាំងនេះ​អាច​ចេញ​នូវ​ច្បាប់​កំណត់​អាយុ​សម្រាប់​អ្នកផឹកស៊ី​នេះ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​គ្រឿង​ស្រវឹង​នេះ​បាននិងកំពុង​កើតមានឡើង​ច្រើន​។ លោក​និយាយថា៖ «​ខ្ញុំ​គិតថា នេះ​ជា​រឿង​ល្អ​ដែល​ក្រសួង​ពាក់ព័ន្ធ​អាច​កំណត់​អាយុ​ហាមប្រាម​ដាច់ខាត​មិនឱ្យ​កុមារ​ និង​យុវវ័យ ដែលមាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ទទួល​គ្រឿង​ស្រវឹង ដើម្បី​ធានា​ដល់​ការលូតលាស់ និង​សុវត្ថិភាព​របស់​ពួកគេ ក៏​ដូចជា​ត្រួតពិនិត្យ​បន្ថែម​ទៅលើ​អ្នកបើកបរ​យានយន្ត​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​»​។

លោក សំ សំណាង បន្តថា ក្រសួង​គួរ​មាន​វិធានការ​ដាក់ពិន័យ​ចំពោះ​អ្នកលក់​គ្រឿងស្រវឹង ដែល​បំពាន​គោលការណ៍​ហើយ​លក់​គ្រឿង​ស្រវឹង​ដល់​អនីតិជន ដើម្បី​កាត់បន្ថយ​ភាពអនាធិបតេយ្យ​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ លោក​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​ក៏​គប្បី​បង្កើន ការផ្សព្វផ្សាយ សារ​អប់រំ​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ក៏ដូចជា​ជូន​ព័ត៌មាន​ទៅកាន់​អាណាព្យាបាល ដើម្បី​បន្ត​អប់រំ​ទៅកាន់​កូនចៅ​របស់​ពួកគេ​ផងដែរ​៕
_dsf6690-2