ភ្នំពេញៈ ក្រសួងបរិស្ថានជំរុញឱ្យមន្ត្រីជំនាញពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន ២ ឱ្យបានឆាប់រហូតទទួលបានការអនុម័ត ដើម្បីទាញផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
សេចក្តីព្រាងអនុក្រឹត្យទាំង ២ នេះរួមមាន សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS)។
នាថ្ងៃទី ៦ ខែឧសភា លោក ទិន ពន្លក អនុប្រធានទី ២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យទាំង ២ នេះ។
ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ABS មានគោលបំណង ដើម្បីទាញយកផលប្រយោជន៍ពីអ្នកប្រើប្រាស់ធនធានពន្ធុសម្រាប់គាំទ្រដល់សេដ្ឋកិច្ច-សង្គម និងថែររក្សាការពារ និងអភិរក្សធនធានពន្ធុនៅកម្ពុជា រួមទាំងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ។
ក្រុមមន្ត្រីបានជំរុញដល់ការរៀបចំសម្រាប់សេចក្តីព្រាងអនុក្រឹត្យស្តីពី GHG ដែលចូលរួមចំណែកក្នុងការលើកកម្ពស់ការវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថានបញ្ចាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ៦ ខែឧសភា ថា៖ «មិនតែប៉ុណ្ណោះអនុក្រឹត្យស្តីពី GHG នឹងចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាល»។
ក្រសួងបរិស្ថានបញ្ចាក់ថា៖ «អង្គប្រជុំក៏បានឯកភាពជាគោលការណ៍ទៅលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យទាំង ២ និងជំរុញលើកទឹកចិត្តឱ្យបន្តការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់រហូតទទួលបានការអនុម័ត ដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»៕