ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីអាជ្ញាធររាជធានីភ្នំពេញដល់ក្រុមហ៊ុនសំរាមសម្រាប់ការរៀបចំប្រមូលសំរាម និងគ្រប់គ្រងលើសំរាមឲ្យបានត្រឹមត្រូវ អាជ្ញាធរខណ្ឌ ៧មករា បានសហការជាមួយក្រុមហ៊ុនប្រមូលសំរាមមីហ៊្សូដា ដាក់ពង្រាយធុងសំរាមគ្រប់កន្លែងតាមដងផ្លូវ ទាំងផ្លូវតូច-ធំ ក្នុងខណ្ឌ ៧មករា មានចំនួនប្រមាណ២៣០០ធុង។
លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ខណ្ឌ ៧មករា បានប្រាប់កម្ពុជាថ្មីថា ក្រោយពីសាលារាជធានីភ្នំពេញបានចង្អុលបង្ហាញ និងណែនាំដល់ក្រុមហ៊ុនសំរាមមក ក្រុមហ៊ុនមីហ្ស៊ូដាបានសហការជាមួយខណ្ឌ និងអាជ្ញាធរតាមសង្កាត់ធ្វើការសិក្សាស្រាវជ្រាវ ស្ទង់មតិប្រជាពលរដ្ឋដើម្បីដាក់ធុងសំរាម។ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនមិនចង់សហការដោយហេតុថា ពេលដាក់ធុងសំរាមទៅធ្វើឱ្យចង្អៀតមុខផ្ទះ ព្រោះពួកគាត់ជាអាជីវករចង់បានទីធ្លាមុខផ្ទះធំទូលាយ។ យ៉ាងណា អាជ្ញាធរបានពន្យល់ និងណែនាំការដាក់នេះគឺជាកន្លែងសាធារណៈ លើចំណីផ្លូវសាធារណៈទេ ទើបពួកគាត់យល់ព្រមសហការ។
លោក ប៉ែន ធឿន បានបន្តថា ការដាក់ធុងសំរាមដែលមានចំនួនច្រើនចាប់ពីខែកុម្ភៈ ២០២២កន្លងទៅនេះ មានចំនួនប្រមាណ ២៣០០ធុង។
លោក ហេង ឌីម៉ង់ នាយកប្រតិបត្តិក្រុមហ៊ុន មីហ្ស៊ូដាបានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិដេញថ្លៃចំនួន៥ខណ្ឌ ដូចជា ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។ ដោយយកខណ្ឌ ៧មករាជាគំរូមុនគេ ក្រុមហ៊ុនបានរៀបចំធុងសំរាមប្រមាណ២៣០០ធុង ពង្រាយតាមគ្រប់ច្រកផ្លូវតូចធំទូទាំងខណ្ឌ។
លោកបន្តថា ប្រសិនបើប្រជាជនដែលនៅក្នុងខណ្ឌចង់ដាក់ធុងសំរាម អាចទាក់ទងមកក្រុមហ៊ុន ឬសង្កាត់ ក្រុមហ៊ុននឹងយកទៅដាក់ជូនភ្លាម។ លោកបានបញ្ជាក់ថា ធុងសំរាមដែលបានដាក់ គឺជាការគ្រប់គ្រង និងចំណាយផ្ទាល់របស់ក្រុមហ៊ុន ដោយមិនតម្រូវឱ្យមានការបង់ថ្លៃឡើយ។
អាជីវករលក់មួកនៅក្បែរវត្ត សំពៅមាស លោកស្រី អាង ឡេង អាយុ ៥២ឆ្នាំ បានលើកឡើងថា ក្រោយពីមានការរៀបចំធុងសំរាមបានច្រើនគ្រប់ទីកន្លែងមក ការចោលសំរាមនិងការទុកដាក់សំរាមមានភាពល្អប្រសើរ ទាំងសោភ័ណភាពតាមដងផ្លូវ និងក្លិនមិនល្អដោយសារសំរាមក៏លេងមានទៀតហើយ។ សភាពបែបនេះគឺដោយសារប្រជាជនយល់ដឹងច្រើនជាងមុនពីការចោលសំរាម និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ចំពោះក្រុមហ៊ុនបានរៀបចំបានស្អាតឃើញថាចេះរៀបចំបានល្អជាងមុន ទាំងការដាក់ធុងសំរាម និងការប្រមូលសំរាមបានយ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃ។ តាមការយល់ឃើញរបស់គាត់ ពេលដែលប្រជាពលរដ្ឋចោលសំរាមនៅក្នុងធុងសំរាមបានល្អនឹងត្រឹមត្រូវ មិនដាក់នៅក្រៅធុងសំរាម អ្នកបោសសំអាតតាមដងផ្លូវក៏មិនសូវហត់នឿយច្រើន សោភណភាពក៏ល្អ ជាពិសេសលេងមានក្លិនមិនល្អចេញពីសំរាមទៀត ។ ហើយចំពោះការចោលសំរាមមិនបានត្រឹមត្រូវ គឺធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កឱ្យមានមេរោគដែលអាចប៉ះពាល់ដល់សុខភាព ។
ចំណែកមន្ត្រីប៉ូលិសយាមគោលដៅត្រង់ចំណុចផ្លូវភ្លោះអូឫស្សីលោក សូ សឿន ឲ្យដឹងដែរថា ការចោលសំរាមផ្ដេសផ្ដាសលេងឃើញមានទៀតហើយ ដងផ្លូវដូចសួនច្បារ លោកពិតជាសប្បាយរីករាយជាខ្លាំងដែលឃើញទិដ្ឋភាពបែបនេះ ធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ លេងឃើញមានថង់ដាក់សំរាមនៅតាមជញ្ចើមផ្លូវទៀត ឃើញតែធុងសំរាមពណ៌បៃតងអមជាមួយដើមឈើនឹងស្មៅដង្ហែតាមដងផ្លូវ ។
លោកបានបន្ថែមថា ខ្ញុំពិតជាចង់ឃើញទិដ្ឋភាពបែបនេះទូទាំងក្រុងភ្នំពេញទាំងមូល ។ លោកសង្ឃឹមថាគ្រប់កន្លែងនឹងអាចរៀបចំបានល្អ និងស្អាតបែបនេះគ្រប់កន្លែងក្នុងពេលឆាប់ៗខាងមុខនេះ៕