Alynana Media Cambodia
Icon Collap
clinic narit

​អង្ករ​ដែលនាំចេញទៅកាន់​ទីផ្សារ​អឺរ៉ុប ​បាន​កើនឡើង​ជា​បន្តបន្ទាប់

Admin Alynana | May 10, 2022
​អង្ករ​ដែលនាំចេញទៅកាន់​ទីផ្សារ​អឺរ៉ុប ​បាន​កើនឡើង​ជា​បន្តបន្ទាប់
Clinic narith

ភ្នំពេញៈ ក្រោយពី​គណៈពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បានបញ្ចប់​ការយកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២ ការនាំ​អង្ករ​កម្ពុជា​ទៅកាន់​តំបន់​អឺរ៉ុប​មាន​បរិមាណ​សរុប ៦៨ ៥៥៥ ​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥១,០២ ​លាន​ដុល្លារ​កើនឡើង ៣១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​ថ្ងៃទី​ ៩ ខែឧសភា​ថា ក្រោយពី​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​បញ្ចប់​ការយកពន្ធ​នាំ​អង្ករ​ពី​កម្ពុជា​កាលពី​អំឡុង​ខែមករា ឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​ទៅកាន់​តំបន់​អឺរ៉ុប​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់ ពិសេស​ស្ថានភាព​នៃ​ការដឹកជញ្ជូន​តាម​ទូកុងតឺន័រ​ក៏​កាន់តែ​ល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ កន្លងមក​។

លោក​បន្ថែមថា ទូ​កុងតឺន័រ​នៅតែមាន​តម្លៃ​ខ្ពស់​ដដែល គឺ​ប្រមាណ​ពី ៧ ​ទៅ ៨​ ពាន់​ដុល្លារ​ក្នុង ១ ​ទូកុងតឺន័រ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ (​មុន​ការ​ផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩) គឺមាន​តម្លៃ​ប្រមាណ​ពី ៨០០ ទៅ ១ ០០០​ ដុល្លារ ពោល​កើន​ពី ៨ ​ទៅ​ ៩​ ដង​។ ទោះយ៉ាងណា​នៅពេលនេះ គឺ​មិន​ខ្វះ​ទូ​កុងតឺន័រ​សម្រាប់​ការដឹកជញ្ជូន​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​វា​សម្បូរ​ទូ​កុងតឺន័រ​។ កុំ​តែ​វា​មានតម្លៃ​ថ្លៃ​ទេ បើ​តម្លៃ​ដឹកជញ្ជូន​មាន​ស្ថានភាព​ដូច​មុន​កូវីដ​ ១៩ កុំ​អី​សម្ទុះ​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​តំបន់​អឺរ៉ុប​នឹងមាន​កំណើន​ខ្ពស់ជាង​ហ្នឹង​ទៀត​។ ទោះយ៉ាងណា យើង​នៅតែ​អាច​បន្ត​នាំចេញ​បាន ព្រោះ​សម្ទុះ​ទីផ្សារ​ទៅកាន់​អឺរ៉ុប​មានការ​កើនឡើង​ខ្លាំង​»​។

បើតាម លោក សុង សារ៉ន នៅក្នុង​ឆ្នាំ ​២០២១ ការនាំ​អង្ករ​ទៅ​តំបន់​អឺរ៉ុប​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ដោយសារតែ​ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​ពី​កម្ពុជា​ទៅកាន់​តំបន់​អឺរ៉ុប​ស្ទើរ​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩​។ នៅពេល​ស្ថានភាព​ធូរស្រាល​កម្ពុជា​បាន​សម្រុក​បញ្ជូន​ចេញ​អង្ករ​ទៅ​ភ្លាម​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៅក្នុង​តំបន់​អឺរ៉ុប និង​ស្រប​ទៅនឹង​ការមិន​យកពន្ធ​។

 

លោក​បាន​បន្តថា ការមិន​យកពន្ធ​អង្ករ​ដែល​នាំ​ចេញពី​កម្ពុជា​ចាប់តាំងពី​អំឡុង​ខែមករា ឆ្នាំ ២០២២ បានផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​លើកកម្ពស់​ការប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ផ្សេង​ដែលមាន​ការនាំចេញ​អង្ករ​ក្រអូប​ទៅ​តំបន់​អឺរ៉ុប​ដែរនោះ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ នៅក្នុង​តំបន់​អឺរ៉ុប តម្រូវ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ប្រមាណ ១០ ទៅ ២០ ម៉ឺន​តោន ក្នុង​ ១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​ទីផ្សារ​តំបន់​អឺរ៉ុប​មាន​តម្រូវការ ១៨ ​ទៅ ២០​ ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។ គាត់​ត្រូវការ​អង្ករ​ក្រអូប​យើង អ៊ីចឹង​សម្រាប់​ការនាំចេញ យើង​មិនមាន​បញ្ហា​ទេ គឺ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការផ្គត់ផ្គង់ និង​ផលិត​បាន​អត់​មាន​បញ្ហា​ទេ​»​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួលស្គាល់ថា ការនាំ​អង្ករ​ទៅ​តំបន់​អឺរ៉ុប​មាន​ការកើនឡើង បន្ទាប់ពី​គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បញ្ឈប់​ការយក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា​។

លោក​បន្តថា គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​សម្រេច​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​រយៈពេល​ ៣​ ឆ្នាំ​ជាប់​គ្នា ដោយ​គិត​ចាប់ពី​ឆ្នាំ ​២០១៩ មក​ដោយ​ក្នុងនោះ ឆ្នាំ​ទី​ ១ ត្រូវ​បង់ពន្ធ ១៧៥ ដុល្លារ​ក្នុង ១ ​តោន ឆ្នាំ​ទី ​២ ថយ​មក​នៅ ១៥០ ​ដុល្លារ និង​ឆ្នាំ​ទី​ ៣ ត្រូវ​បង់ ១២៥ ដុល្លារ​ក្នុង​ ១​ តោន​។ ប៉ុន្តែ​ពន្ធ​នេះ​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី ​២០ ខែមករា ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​វា​ជា​សញ្ញា​មួយ​ល្អ​ចំពោះ​ការនាំចេញ​របស់​យើង​ទៅ​តំបន់​អឺរ៉ុប​។ ការនាំចេញ​របស់​យើង​កើនឡើង​ច្រើន​ដោយសារ​សម្ទុះ​នៃ​ការទិញ​របស់​អតិថិជន​អឺរ៉ុប​គាត់​ងាក​មករក និង​បរិភោគ​អង្ករ​កម្ពុ​ជាច្រើន​។

ជាមួយ​គ្នានេះ វា​ក៏​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផងដែរ​»​។

 

គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០១៩  ប៉ុន្តែ​ត្រូវ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២ បានធ្វើឱ្យ​ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​មានការ​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លងមកនេះ​៕
For Web LNN-94