ខេត្តកណ្តាល៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋ អនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណឃុំពាមរាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំក្នុងជួរសមាជិកគណៈអចិន្រ្តៃយ៍បក្សក្រុង-ស្រុក សមាជិកគណៈកម្មាធិការគណបក្សក្រុង-ស្រុក មន្រ្តីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ក្រុមការងារគណបក្សចុះតាមឃុំ-សង្កាត់ និងសមាជិកសមាជិកាគណបក្សប្រជាជន មកពីឃុំទាំង ៧ ក្នុងស្រុកលើកដែក សរុបមានចំនួនប្រមាណ ៣៤០០នាក់ ។
ដំណើរការអង្គពិធីនាព្រឹកនេះ ប្រព្រឹត្តទៅដោយមានការប្រកាសហេតុ ប្រកាសសមាសភាពចូលរួម គោរពទង់ជាតិ ទង់គណបក្សប្រជាជនកម្ពុជា សុន្ទរកថាគន្លឹះរបស់អធិបតីថ្លែងក្នុងពិធីបើកយុទ្ធនាការ និងការអាននូវសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី។
នៅក្នុងពិធីបើកលោកជំទាវ បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ធានាបានសុខសន្តិភាព និងការអភិវឌ្ឍឃុំ-សង្កាត់។
លោកជំទាវបានលើកឡើងពីស្ថានការណ៍ ២ ឆ្នាំកន្លងមក ដែលជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជាដោយសារផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើនដែលមិនធ្លាប់មានពីមុនមក បណ្តាលមកពីជំងឺកូវីដ-១៩ រាតត្បាតជាសកល។ ទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងការចង្អុលបង្ហាញផ្ទាល់យ៉ាងសស្រាក់សស្រាំមុះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានកំណត់យុទ្ធសាស្រ្តការចាក់វ៉ាក់សាំង ធ្វើអោយគ្រប់គ្រងបាននូវការីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានភាពបានវិលត្រឡប់យ៉ាងឆាប់រហ័ស ទៅរកប្រក្រតីភាពថ្មីនៃជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ លោកជំទាវបានសង្កត់ធ្ងន់ថា នេះពិតជាជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា លើសមរភូមិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលជាសមរភូមិប្រយុទ្ធដ៏លំបាកស្មុគស្មាញបំផុត ជាមួយសត្រូវគ្មានស្រមោល គ្មានរូបរាង គ្រប់វិនាទីអាចទាញយកប្រទេស និងប្រជាជនឱ្យធ្លាក់ទៅក្នុងគ្រោះហានិភ័យ។ លោកជំទាវបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់របស់រដ្ឋបាលស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ចំពោះការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងពង្រឹងយន្តការបញ្ជាដឹកនាំ និងគ្រប់គ្រងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមសភាពការណ៍ជាក់ស្តែង និងបានអនុវត្តនូវយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីប្រយុទ្ធនិងទប់ ស្កាត់ការឆ្លងរាលដាល ដោយសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតខ្ពស់ រហូតដល់៩៦ភាគរយ ។ លោកជំទាវក៏បានលើកឡើងផងដែរអំពីស្ថានការណ៍អន្តរជាតិ ស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក ដែលកាន់តែឡើងកំដៅ និងកាន់តែវិវត្តស្មុគស្មាញ ដូចជាបញ្ហារុស្ស៊ី-អ៊ុយក្រែនជាដើម។ ជាងនេះទៅទៀត លោកជំទាវបានជម្រាបជូនអង្គពិធីនូវការអភិវឌ្ឍក្នុងស្រុករួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ដែលបាននឹងកំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ រីឯវិស័យរោងចក្រសហគ្រាសក្នុងស្រុក សរុប ៧ មានកម្មករ និយោជិត មានចំនួន ៧៣៦នាក់(ស្រី៦២៥នាក់)ក៏បានរួមចំណែកដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនីក្នុងស្រុកលើកដែក នាពេលបច្ចុប្បន្ន និងទៅអនាគត ។ ចំពោះការត្រៀមលក្ខណសម្បត្តិ ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោកជំទាវបានធ្វើការក្រើនរំលឹកឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំអស់ត្រូវរៀបចំត្រៀមលក្ខណសម្បត្តិរួចជាស្រេច ដូចជាការពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពិនិត្យឯកសារបម្រើឱ្យការបោះឆ្នោត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ចំពោះបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានផែនការការងារច្បាស់លាស់ក្នុងការចុះជួបផ្ទាល់ សំណេះសំណាលជាមួយគ្រួសារបក្ស សមាជិកបក្ស ទូទាំងស្រុកលើកដែក និងត្រូវបេ្តជ្ញាចិត្តធ្វើយ៉ាងណាអនុវត្តឱ្យបានល្អបម្រើប្រជាពលរដ្ឋក្នុងភូមិឃុំប្រកបដោយភាពស្មោះត្រង់ និងឱ្យកាន់តែល្អប្រសើរ ។
ជាចុងក្រោយ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ក៏ដូចសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់នីមួយៗ។ លោកជំទាវបានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិ ដែលបានឃើញច្បាស់រួចហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នាកុំបីខាន នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ។
ក្នុងនាមលោកជំទាវផ្ទាល់ ក៏ដូចជាគណបក្សប្រជាជនកម្ពុជាបានធ្វើការប្តេជ្ញាចិត្តចំពោះមុខប្រជាជនចំពោះការអនុវត្តគោលនយោបាយរបស់គណបក្សឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈបង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន៕