អ៊ុយក្រែន៖ មនុស្សរាប់រយនាក់បានបន្តភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំង នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ខណៈកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទីក្រុង និងភូមិសំខាន់ៗមួយចំនួននៅក្នុងតំបន់ Luhansk និង Donetsk។
ប្រជាជនអ៊ុយក្រែនរាប់សិបនាក់បានចាកចេញតាមរថភ្លើងជម្លៀសពិសេស ដោយចាកចេញពីទីក្រុង Pokrovsk ឆ្ពោះទៅកាន់ទីក្រុង Dnipro និងទីក្រុងផ្សេងទៀតនៅភាគខាងលិច។ ភាគច្រើនគឺជាស្ត្រី កុមារ និងមនុស្សចាស់នៅលើរថភ្លើងដែលដឹកមនុស្សប្រមាណ ២០០នាក់ដែលត្រូវបានបង្ខំឱ្យចាកចេញ ខណៈការប្រយុទ្ធបានហ៊ុមព័ទ្ធលំនៅឋានរបស់ពួកគេ។ នាង Emma មកពីទីក្រុង Sloviansk បាននិយាយថា នាងបានរត់ភៀសខ្លួនដោយបន្សល់ទុកប្តីពិការរបស់នាង។ នាងបាននិយាយថា ប្តីរបស់នាងមិនអាចដើរបានទេ ហើយនៅពេលដឹងថា ស្ថានភាពយ៉ាងណានោះនាងនឹងត្រឡប់មកវិញ។
ពលរដ្ឋមកពីទីក្រុង Sloviansk បាននិយាយថា គ្រាប់ផ្លោងបានធ្លាក់គ្រប់ទីកន្លែង ហើយក្មេងៗមានការភ័យខ្លាច។ គេគ្រប់គ្នាភ័យខ្លាចថា គ្រាប់ផ្លោងអាចនឹងវាយលុកលំនៅឋាន។ គ្មាននរណាម្នាក់ដឹងថា វាធ្លាក់នៅទីណានោះទេ នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តចាកចេញ។ អ្នកជម្លៀសខ្លួនភាគច្រើនដែលឡើងលើរថភ្លើងនៅទីក្រុង Prokovsk គឺមកពីតំបន់នានាដែលកងកម្លាំងរុស្ស៊ីកំពុងផ្តោតការវាយលុករបស់ពួកគេ ដើម្បីដណ្តើមយកតំបន់ Donbas រួមមានទីក្រុង Sievierodonetsk, Sloviansk, Bakhmut និងទីក្រុង Popasna៕