Alynana Media Cambodia
Icon Collap
clinic narit

អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត

Admin Alynana | Jun 23, 2022
អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត
Clinic narith

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត្ត និងអនុលោមភាព សម្រាប់គម្រោងវិនិយោគលើធនធាន​រ៉ែផ្សេងៗទៀត បន្ទាប់ពីគណៈប្រតិភូចុះទស្សនកិច្ច​សិក្សាឈ្វេងយល់ ​អំពីស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុន រុករកធនធានរ៉ែ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីប្រតិបត្តិការរុករករ៉ែ ​នៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដើម្បីពិនិត្យមើលលើសក្តានុពលនការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យរ៉ែ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល បានជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ចំពោះសង្គម ​និងបរិស្ថាន, ការយក​ចិត្ត​ទុកដាក់​អនវុត្តស្របទៅតាមច្បាប់​ និងបទប្បញ្ញត្តិ​ជាធរមាន ​ជាពិសេសសហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណ​ប្រយោជន៍ នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ​ព្រមទាំងចំណូលមិនមែនសារពើពន្ធ។

ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យលទ្ធភាពផ្ដល់​ជូន​នូវ “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស​ (GOLD Certificate)" បញ្ជាក់នូវកម្រិត​អនុលោមភាព​ខ្ពស់ ជូនក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ។

ឯកឧត្តម បន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះឧបសគ្គ ​និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះ​វិស័យធនធានរ៉ែ ​ដោយក្រុមហ៊ុនវិនិយោគលើវិស័យនេះ​មួយចំនួន ពុំបានផ្តល់កិច្ច​សហការ​ពេញលេញ ​ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងមិនបានផ្ដល់នូវបញ្ចិកាគណនេយ្យ, របាយ​ការណ៍​ហិរញ្ញវត្ថុ, និងឯកសារពាក់ព័ន្ធ ប្រកាស​ និងការបង់ប្រាក់ពន្ធទាប ដែលពុំបាន​ឆ្លុះបញ្ចាំង​អំពីវិស័យមួយ ដែលកំពុងមានសក្តានុពល​ ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារ​ចុះមកដោយ​ផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេង ក្នុងវិស័យធនធានរ៉ែនេះ​ អនុវត្តប្រកបដោយ​ស្តង់ដារ និង​តម្លាភាព​ ប្រហាក់ប្រហែល ឬដូចទៅ​នឹង​ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និង​ជាគំរូ​សម្រាប់ក្រុមហ៊ុន ​និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ​ដោយមានតម្លាភាព និង​កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។

តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំ​យន្តការ​ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត​ ចំពោះវិស័យធនធានរ៉ែនេះ តាម​រយៈការបង្កើតស្តង់ដារនៃការអនុវត្ត ​និងអនុលោមភាពសម្រាប់ គម្រោងវិនិយោគផ្សេងទៀត​ក្នុង​វិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្ដានុពល៕