មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានអះអាងថា វិស័យអាកាសចរណ៍ ចាប់ផ្ដើមបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញជាបណ្ដើរៗ ក្រោយកម្ពុជាបានបើកសង្គមនិងសេដ្ឋកិច្ចពេញលេញឡើងវិញ ខណៈបច្ចុប្បន្ន ប្រទេសចិនក៏បានសម្រេចបង្កើនជើងហោះហើរជាមួយប្រទេសកម្ពុជា និងបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ាន ច្រើនជាងមុនផងដែរ ដោយក្នុងនោះ ប្រទេសកម្ពុជាត្រូវបានអនុញ្ញាតឲ្យមានជើងហោះហើរទៅមកប្រទេសចិន២ដងក្នុងមួយសប្ដាហ៍ ខណៈដែលពីមុនមានត្រឹមតែ១ជើងប៉ុណ្ណោះ។
អស់រយៈពេលជាង២ឆ្នាំ នៃការរាតត្បាតខ្លាំងនូវជំងឺកូវីដ-១៩ ប្រទេសចិន បានរឹតត្បឹតវិធានការចេញ-ចូលប្រទេសខ្លួន ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនូវជំងឺឆ្លងសាកលដ៏កាចសាហាវមួយនេះ។ ការណ៍នេះ ក៏បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសមួយចំនួនផងដែរ លើពិភពលោក ដែលពឹងផ្អែកប្រទេសចិន ក្នុងការនាំចេញវត្ថុធាតុដើម ពិសេសប្រទេសក្នុងតំបន់អាស៊ាន ដែលពឹងផ្អែកលើទេសចរចិន។ ក៏ប៉ុន្តែ ថ្មីៗនេះ ប្រទេសចិន បានចាប់ផ្ដើម បន្ធូរបន្ថយការរឹតត្បឹតជើងហោះហើរអន្តរជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះ បានធូរស្បើយពីការឆ្លងរាតត្បាតនូវជំងឺកូវីដ១៩ ដោយប្រទេសចិន បានបង្កើនជើងហោះហើរ ពី១ដង ទៅ ២ដង ក្នុង១សប្ដាហ៍ សម្រាប់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ទំនាក់ទំនងនៃវិស័យអាកាសចរណ៍ រវាងកកម្ពុជា-ចិន ហាក់មានភាពធូរស្រាលជាងមុនបន្តិច ដោយសារស្ថានភាពកូវីដ១៩ នៅប្រទេសចិន ចាប់ផ្ដើមធូរស្បើយ ធ្វើឲ្យចិនសម្រេចបង្កើនឲ្យមានជើងហោះហើរ ២ដង ក្នុង១សប្ដាហ៍ ជាមួយប្រទេសក្នុងតំបន់អាស៊ាន ដូចជាកម្ពុជា ថៃ និងវៀតណាមជាដើម ខណៈកន្លងមក ចិនអនុញ្ញាតឲ្យមានការហោះហើរពីបណ្ដាប្រទេសទាំងនេះ ត្រឹម១ដង ប៉ុណ្ណោះ ក្នុង១សប្ដាហ៍។ ទន្ទឹមនោះ ភាគីកម្ពុជា បាននិងកំពុងស្នើទៅភាគីចិន ដើម្បីសុំបង្កើននូវជើងហោះហើរបន្ថែមរវាងកម្ពុជា-ចិន ផងដែរ។
យ៉ាងណាមិញ ចំពោះស្ថានភាពនៃវិស័យអាកាសចរណ៍នៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានឯកឧត្តម ស៊ិន ចាន់សិរីវត្ថុ គូបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ ចាប់ពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១មក វិស័យអាកាសចរណ៏ស៊ីវិល ហាក់មានដំណើរការល្អជាបន្តបន្ទាប់។ ទោះយ៉ាងណា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅតែអះអាងថា វិស័យនេះនៅទាមទារពេលវេលាបន្ថែម ដើម្បីអាចវិលមករកសភាពធម្មតាមុនវិបត្តិកូវីដ១៩ ខណៈតម្លៃសំបុត្រយន្តហោះកម្ពុជា នាពេលបច្ចុប្បន្នវិញ នៅតែមានតម្លៃខ្ពស់ដដែល។ សូមបញ្ចាក់ថា គិតមកដល់បំណាច់ ខែឧសភា ឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន២២ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ ស្មើនឹង៥០% ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៕