សៀមរាបៈ អស់រយៈពេលជាង ២ ឆ្នាំមកហើយដែលវិស័យទេសចរណ៍ត្រូវបានញាំញី ដោយសារការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ ១៩។ កម្ពុជាក៏មិនខុសពីបណ្តាប្រទេសនានានៅក្នុងតំបន់ដែរ ដែលវិស័យមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
សៀមរាបអង្គរ គឺជាបេះដូងនៃវិស័យទេសចរណ៍កម្ពុជា ព្រោះខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាខេត្តទីតាំងរបស់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅភាគពាយព្យនៃប្រទេសកម្ពុជា។ ខេត្តនេះ ជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយសារមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងសំណង់ប្រាសាទបុរាណដទៃទៀតជាច្រើន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
តំបន់សៀមរាបអង្គរ គឺជាគោលដៅចម្បងសម្រាប់ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកដោយនៅក្នុង ១ ឆ្នាំ (មុនកូវីដ ១៩ មកដល់) តំបន់នេះទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចន្លោះពី ៥០ ទៅ ៦០ ភាគរយនៃភ្ញៀវទេសចរសរុប។ ក៏ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ២០២០ និងជិតដាច់ឆ្នាំ ២០២១ គឺជាពេលវេលាដែលជំងឺរាតត្បាតកូវីដ ១៩ បានវាយលុកនៅកម្ពុជាយ៉ាងខ្លាំងធ្វើឱ្យវិស័យទេសចរណ៍ទូទាំងប្រទេសបានរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅខេត្តសៀមរាប។
សណ្ឋាគារ ផ្ទះសំណាក់ កន្លែងកម្សាន្ត និងរមណីយដ្ឋាននានាក្នុងខេត្តនេះត្រូវបានបិទទ្វារ និងខ្លះទៀតបើកទ្វារដែរ ប៉ុន្តែគ្មានភ្ញៀវចូល។ ក្រោយរាជរដ្ឋាភិបាលកម្ពុជាពុះពារក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានស្ទើរតែ ១០០ ភាគរយ ស្ថានភាពវិស័យទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាបហាក់ប្រសើរឡើងបន្តិចមកវិញចាប់តាំងខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ននេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រាប់ឱ្យដឹងថា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១ ០២៧ ៧៧៩ នាក់កើនឡើង ៧៤៤,៨៧ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ មានចំនួនប្រមាណ ១២១ ៦៤៩ នាក់ប៉ុណ្ណោះ។ នៅក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៥ ៧៧៩ នាក់កើន ៨៥៩,៩២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោកបានបន្ថែមថា កំណើននេះបង្ហាញថា ដើមឆ្នាំ ២០២២ ជាឆ្នាំដែលវិស័យទេសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ ទោះបីជាចំនួនភ្ញៀវទេសចរមិនមានច្រើនខ្លាំងដូចក្នុងឆ្នាំ ២០១៩ តែនេះជាជំហាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
ចំពោះជើងហោះហើរចេញ-ចូលខេត្តសៀមរាបវិញត្រូវបានលោក សេងកាក់ បញ្ជាក់បន្ថែមថា៖ «ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួន ២៩២ ជើង ដោយមានដឹកអ្នកដំណើរសរុបចំនួន ២៤ ៥៥១ នាក់ ក្នុងនោះជើងហោះហើរអន្តរជាតិ រួមមាន ក្រុមហ៊ុន Singapore Airline, Air Asia, Thai Smile, China Eastern, BangkokAir, Air Iceland និងមកជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង មានអ្នកដំណើរ ១៨៥ នាក់។ ចំណែកជើងហោះហើរក្នុងស្រុកមានក្រុមហ៊ុន Cambodia Angkor Air និង Cambodia Airway»។ ចំនួនជើងហោះហើរអន្តរជាតិទាំងនេះបាននាំភ្ញៀវអន្តរជាតិមកកាន់ខេត្តសៀមរាបរួមមានដូចជា ចិន បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ វៀតណាម សិង្ហបុរី អូស្ត្រាលី ឥណ្ឌា និងកូរ៉េ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិបានចាប់ផ្តើមដើរកម្សាន្តតាមប្រាសាទនានាជាបណ្តើរ ក្រោយរាជរដ្ឋាភិបាលបានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល ២ ឆ្នាំមក ដោយសារបញ្ហាជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «អាជ្ញាធរខេត្តសៀមរាបបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែរួចរាល់ ១០០ ភាគរយ ដោយបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្តពីគ្រប់ទិសទី។ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីគួបផ្សំនឹងការអភិរក្ស និងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរាទៀតនោះនឹងជំរុញចលនារំហូរទេសចរមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើនក្នុងឆ្នាំនេះ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រាប់ឱ្យដឹងថា ការបើកដំណើរការអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាបមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេចាប់តាំងពីកម្ពុជាបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញមក ខណៈភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្តនៅខេត្តនេះនៅមានកម្រិតនៅឡើយ។
លោកស្រីថា ទោះបីជាទេសចរណ៍ខេត្តសៀមរាបបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា កង្វះខាតធនធានមនុស្សផ្នែកទេសចរណ៍,ប្រតិបត្តិករមានកង្វះខាតដើមទុន សម្រាប់ការកែលម្អឡើងវិញសម្រាប់សណ្ឋាគារ និងភោជនីយដ្ឋានជាដើម។
លោកស្រីអះអាងថា៖ «ខាងសមាគម និងប្រតិបត្តិករទេសចរណ៍មួយចំនួនកំពុងតែទន្ទឹងរង់ចាំហិរញ្ញប្បទានប្រមាណ ១៥០ លានដុល្លារដែលរាជរដ្ឋាភិបាលសម្រេចទម្លាក់មកសម្រាប់ស្រោចស្រង់វិស័យទេសចរណ៍ ប៉ុន្តែខាងក្រសួងសេដ្ឋកិច្ចកំពុងតែដំណើរការការងារនេះ ព្រោះត្រូវការសហការជាមួយធនាគារពាណិជ្ជនានា។ យើងក៏ចង់ដឹងដែរពីលក្ខខណ្ឌនៃការទទួលបានកម្ចីនេះ ដើម្បីអាចប្រើប្រាស់ក្នុងការស្តារអាជីវកម្មទេសចរណ៍ឡើងវិញ»។
លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថាដោយសារតែមានតម្រូវការធនធានមនុស្សផ្នែកទេសចរណ៍ច្រើននៅខេត្តសៀមរាបខាងសមាគម ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលក្នុងពេលឆាប់ៗ សម្រាប់ផ្នែកទេសចរណ៍ទាំងមូលរួមមាន ជំនាញមគ្គុទ្ទេសក៍ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏គ្រោងនឹងទទួលភ្ញៀវជាលក្ខណៈទស្សនកិច្ចសិក្សាដែលមកពីតំបន់អាស៊ានដែលរួមមាន ទីភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មាន ដើម្បីមកធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍ដែលក្រសួងទេសចរណ៍សហការជាមួយសមាគម និងភាគីពាក់ព័ន្ធបានរចនាបន្ថែមទៀត ដើម្បីយកទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត។
ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិកកម្ពុជាលោក ធួន ស៊ីណាន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប គឺមានចំនួនភ្ញៀវតិចតួចណាស់ស្ទើរតែមិនអាចធៀបជាភាគរយបានទេទៅនឹងមុនពេលកូវីដ ១៩ មកដល់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខេត្តសៀមរាបគឺជាខេត្តដែលមានការប៉ះពាល់ខ្លាំងជាងគេ ដោយសារវិបត្តិកូវីដ ១៩ ដោយសារតែខេត្តនេះគឺពឹងផ្អែកទាំងស្រុងទៅលើទេសចរ។ វិស័យទេសចរណ៍មិនទាន់មានអ្វីជាដុំកំភួន សម្រាប់ទប់ខ្លួនរស់នោះទេថ្វីដ្បិតតែសេដ្ឋកិច្ចបានដំណើរការឡើងវិញ ប៉ុន្តែបើយើងមើលលើទេសចរណ៍ ជាពិសេសខេត្តសៀមរាប សព្វថ្ងៃនេះមានភ្ញៀវអន្តរជាតិមកតិចខ្លាំងណាស់ គឺមិនដល់ ៥ ភាគរយទេ បើធៀបនឹងឆ្នាំ ២០១៩»។
ទិន្នន័យចំនួនភ្ញៀវទេសចរអន្តរជាតិរបស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៩-៦៤៩៥ នាក់ ធ្លាក់ចុះ ៨៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ១ ៣០៦ ១៤៣ នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសមាន ៩៩ ៨២៩ នាក់ ថយចុះ ៨៦,៨ ភាគរយ តាមផ្លូវគោក ៩៦ ៤៧៨ នាក់ ថយចុះ ៨០ ភាគរយ និងតាមផ្លូវទឹកចំនួន ១៨៨ នាក់ ថយចុះ ៩៩,៦ ភាគរយ៕