ភ្នំពេញ៖ នៅក្នុងលិខិតផ្សព្វផ្សាយថ្ងៃទី ២៨ ខែ មិថុនា របស់អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក YAN XIAOBIN អគ្គនាយកក្រុមហ៊ុន ស្យុង យិន (ខេមបូឌា)ប៊ិ ថិកស្ថាយ៍ និងលោក CAI WEIMING អគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិធីឌី ឱ្យទៅទូទាត់បំណុលពន្ធ ដោយទុកពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងនេះ។
នៅក្នុងលិខិតអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ច្បាស់ថា ករណីក្រុមហ៊ុនទាំងពីរ មិនបានអញ្ជើញមកតាមកាលកំណត់ ពន្ធដារចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ប្រធានពន្ធដារ បានលើកឡើងថា បច្ចុប្បន្នមានសគ្រាសជាច្រើនដែលគេចមិនព្រមបង់ពន្ធជូនរដ្ឋ ដែលនាំឱ្យរដ្ឋបាត់បង់ចំណូលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សហគ្រាសខ្លះបើកទីតាំងលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានបង់ពន្ធ ពិសេសហាងរបស់ជនជាតិចិន។ អាជ្ញាធរពាក់ព័ន្ធត្រូវជំរុញសហគ្រាសទាំងនោះ ឱ្យមកបង់ពន្ធជូនរដ្ឋ។ លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីពិសេស«វិក្កយបត្រនាំសំណាង- GDT Lucky Draw» កាលពីដើមខែ មិថុនា កន្លងទៅ។
បើតាមលោក គង់ វិបុល ការខិតខំប្រមូលពន្ធរាល់ថ្ងៃនេះ គឺដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន ដូចប្រទេសគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងទាន់សម័យ៕