(ភ្នំពេញ)៖ កម្ពុជា អាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី២% ទៅ ៣,៨%។
នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ស្តីពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ហៅកាត់ថា ERIA បានបង្ហាញថា កម្ពុជា អាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២% ទៅ ៦,២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ទៅ ៣,៩% ផងដែរ។
កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕