Alynana Media Cambodia
Icon Collap
clinic narit

ស្ថាប័នហិរញ្ញវត្ថុ ១៩ ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​វិស័យ​ទេសចរណ៍​

Admin Alynana | Jul 04, 2022
ស្ថាប័នហិរញ្ញវត្ថុ ១៩ ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​វិស័យ​ទេសចរណ៍​
Clinic narith

ភ្នំពេញៈ ក្រសួងទេសចរណ៍ប្រកាសថា នីតិវិធី​ផ្តល់​ឥណទាន​នៃ «​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​» បាន​ចាប់​ដំណើរ​ការ​ជា​ផ្លូវការ​ហើយពី​ថ្ងៃទី​ ១ ខែ កក្កដា ឆ្នាំ​២០២២ តទៅ ដោយមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ​(PFIs)​ ចំនួន ១៩​។​

​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ​ ២០២២ ក្នុង​ទំហំ​ទឹកប្រាក់ ១៥០ ​លាន​ដុល្លារ​ ដែល​បានមកពី​បដិភាគ​រាជរដ្ឋាភិបាល​ ៧៥​ លាន​ដុល្លារ​ តាមរយៈ​ធនាគារ​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) និង​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs) ​ចំនួន ៧៥ លាន​ដុល្លារ ដោយ​ផ្តល់​អាទិភាព​ទាំងស្រុង​ដល់​អា​ជីវ​កម្ម​ទេសចរណ៍​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លិខិត​ជូនដំណឹង​របស់​ក្រសួង​ទេស​ចរណ៍ កាលពី​ថ្ងៃទី ​១ ខែកក្កដា ទៅដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា នីតិវិធី​ផ្តល់​កម្ចី​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ បាន​ចាប់​ផ្តើម​ដំណើរការ​ហើយ​កាលពី​ថ្ងៃទី ​១ ខែ កក្កដា ឆ្នាំ​ ២០២២ ដោយមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ចំនួន ១៩​។​

​លិខិត​បន្តថា ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​គម្រោង​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ម្ចាស់​អាជីវកម្ម​ទេសច​រ​ណ៍ ត្រូវ​ធ្វើតាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា អាចធ្វើ​ការស្នើសុំ​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFI)​ ដែលជា​ដៃគូ​របស់ SME Bank ក្នុង​ទំហំ​ទឹកប្រាក់​អតិបរមា ៤០០ ០០០​ ដុល្លារ ក្នុង​អត្រា​ការប្រាក់ ៦,៥​ ភាគរយ ​ក្នុង ​១​ ឆ្នាំ និង​មាន​រយៈពេល​ឥណទាន​ដល់ ៧​ ឆ្នាំ និង​រយៈពេល​អនុគ្រោះ​បង់ប្រាក់​ដើម​រហូតដល់ ១៦​ ខែ​, ម្ចាស់​អាជីវកម្ម​ទេសច​រណ៍​អាច​ស្នើសុំ​ឥណទាន​ក្នុង​គោលបំណង​ស្តារ​ប្រតិបត្តិការ​អាជីវក​ម្មទេស​ចរណ៍​ឡើងវិញ និង​ការពង្រីក​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ទេសចរណ៍​ដើម្បី​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​​ជាតិ​, ការផ្តល់​ឥណទាន​នឹងត្រូវ​ស្ថិត​លើ​មូលដ្ឋាន «​មក​មុន ផ្ដល់ឱ្យ​មុន​» រហូតដល់​អស់ប្រាក់​ដែល​បាន​បម្រុង​ទុក​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣ ខែកក្កដា​ថា ការប្រកាស​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ផ្តល់​កម្ចី​នេះ គឺ​ត្រូវ​ចំពេល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​ចាប់ផ្តើម​រៀបចំខ្លួន​ឡើងវិញ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស ដែល​នឹង​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​ចាប់ពី​ត្រីមាស​ទី​៤ តទៅ​។

 

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា គម្រោង​នេះ​នឹងមាន​អតិថិជន​ច្រើន​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​យក​កម្ចី​ទៅប្រើ​​ប្រាស់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ដែល​នឹង​មកដល់​កម្ពុ​ជាច្រើន​ចាប់ពី​ខែតុលា​តទៅ ខណៈ​ការ​កក់​ដំណើរ​កម្សាន្ត​មាន​ជា​បណ្តើរៗ​ហើយ​នាពេលនេះ​»​។​

​ទោះជា​យ៉ាងណា លោកស្រី ស៊ីវ​លីន អះអាងថា ដើម្បី​ទទួលបាន​ឥណទាន​ពី​ «​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​» នេះ​ក៏​មិន​មែនមាន​ភាពងាយស្រួល​ទេ ព្រោះ​នីតិវិធី​បាន​តម្រូវឱ្យ​មានទ្រព្យ​បញ្ចាំ ហើយ​បើ​គ្មាន​ទ្រព្យ​បញ្ចាំ គឺ​តម្រូវឱ្យមាន​ការទិញ​ធានារ៉ាប់រង​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ខណៈ​តម្លៃ​ទិញ​ធានារ៉ាប់រង​នោះ​ក៏​ខ្ពស់​គួរសម​ដែរ​។​

​លោក ណូ លីដា អគ្គនាយករង​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា កន្លងមក​ធ្លាប់​ប្រាប់ថា ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ការធានា​ឥណទាន (Letter of Guarantee-LG) អាជីវកម្ម​ទេសចរ​ណ៍​អាចធ្វើ​ទំនាក់ទំនង​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​ស្នើសុំ​កម្ចី​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរណ៍ ដោយ​គ្រាន់​តែ​បញ្ជាក់ថា អាជីវកម្ម​មាន​តម្រូវការ​ស្នើសុំ​លិខិតធានា​ឥណទាន​ឬទេ​? ក្រោម​ការអនុម័ត​កម្ចី គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូល​​រួម ​និង​ដាក់ពាក្យ​ស្នើសុំ​មក​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ផ្តល់​លិខិតធានា​ឥណទាន​ជាការ​ស្រេច​។​

​បើតាម​ក្រសួងទេសចរណ៍ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង ១៩ រួមមាន ធនាគារ​ជីប ម៉ុង​, ហត្ថា​, អេស៊ីលីដា​, វឌ្ឍនៈ​អាស៊ី​ចំកាត់​, ស្ថាបនា​, ប្រៃសណីយ៍​កម្ពុជា​, វី​ង​, ព្រី​នស៍​, ហ្វី​លី​ព​, អេ​ស៊ា​ប៉ាស៊ីហ្វិក ឌី​វេឡុ​ប​មេន​, កាណាឌីយ៉ា​, ភ្នំពេញ​ពា​ណិ​ជ្ជ​, ស៊ី​អាយ​អិ​ម​ប៊ី​, សា​ខម ខេ​ម​បូ​ឌា​, អ អេ​ច ប៊ី​, ធនាគារពាណិជ្ជ​កម្ម​ក្រៅ​ប្រ​ទេស​នៃ​កម្ពុជា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​, គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រា​សាក់​, និង​ខេ​មា មីក្រូហិរញ្ញវត្ថុ​៕