ភ្នំពេញ៖ ប្រទេសចិន សន្យានឹងបង្កើនការនាំចូលអង្កររបស់កម្ពុជានៅពេលខ្លួនបើកព្រំដែនពេញលេញឡើងវិញ ខណៈការនាំចេញអង្ករទៅចិននៅឆមាសទី១ ឆ្នាំ ២០២២ នេះ មានចំនួន ១៦៨ ២៨០ តោនកើន ១៧,៤៤ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ ២០២១។
បើតាមការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា ស្តីពីជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ភាគីចិនបានលើកឡើងថា ខ្លួននឹងបង្កើនការនាំចេញពីកម្ពុជាទៅប្រទេសចិន បន្ថែមទៀត ខណៈចិននៅតែបន្តឈរជាប្រទេសទី១ ដែលបានទិញអង្ករពីកម្ពុជានៅឆមាសទី១ នេះ។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងរបស់ភាគីចិនក្នុងការបង្កើនការទិញអង្ករពីកម្ពុជា គឺជាការបើកឱកាសបន្ថែមទៀតសម្រាប់ការនាំអង្កររបស់កម្ពុជាទៅចិន។
លោកបន្ថែមថា យោងតាមកិច្ចព្រមព្រៀងចុងក្រោយនេះ កម្ពុជាទទួលបានកូតានាំចេញអង្ករទៅចិនចំនួន ៤០ ម៉ឺនតោន ដូច្នេះនៅពេលមានការចរចាបើកផ្លូវបន្ថែមរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ កូតានាំចេញអង្ករទៅចិនលើកក្រោយ អាចនឹងលើស ៤០ ម៉ឺនតោន។
លោកប្រាប់ថា៖ «ចំនួនកូតានាំអង្ករទៅប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ គឺពី ១០ ម៉ឺនតោនដល់ ៤០ ម៉ឺនតោន សម្រាប់កិច្ចព្រមព្រៀងចុងក្រោយនេះ។ ជំនួបរវាងថ្នាក់នាំជាន់ខ្ពស់ប្រទេសទាំង ២ គឺបង្ហាញពីសញ្ញាវិជ្ជមាន និងជាឱកាសសម្រាប់យើងនៅក្នុងបង្កើនការផលិតសម្រាប់ការនាំចេញ»។
ទោះយ៉ាងណាលោកបន្ថែមថា ការនាំចេញអង្ករទៅចិននាពេលបច្ចុប្បន្ន បានជួបឧបសគ្គមួយចំនួនដូចជា ការឡើងថ្លៃតម្លៃដឹកជញ្ជូនដោយសារការបិទខ្ទប់របស់ចិន និងពិបាកកក់នាវាដឹកជញ្ជូនជាដើម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ថា ឆ្នាំនេះសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការនាំអង្ករទៅចិន អាចមានបរិមាណពី ៣០-៤០ ម៉ឺនតោន អាចគ្រប់កូតាដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងចុងក្រោយស្តីពីការកំណត់កូតានាំអង្ករចេញទៅចិន កាលពីចុងឆ្នាំ ២០២១។
លោកថ្លែងថា៖ «ដោយសារយើងបានអនុវត្តកូតា ៤០ ម៉ឺនតោនតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ដូច្នេះយើងរំពឹងថា នៅចុងឆ្នាំនេះ ការនាំអង្ករទៅចិនអាចនឹងដល់កូតាកំណត់។ បើមើលទៅលើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ សម្រាប់កូតាលើកក្រោយនេះអាចនឹងបាន ៥០ ម៉ឺនតោន តាមការរំពឹងទុករបស់យើង»៕