Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ

Admin Alynana | Jul 08, 2022
កម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ
Clinic narith

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យារួមគ្នា ខិតខំធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយនោះ។

 ការសន្យារវាងប្រមុខការទូតនៃប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា ភាគីទាំងពីរ(កម្ពុជា-ឡាវ)បានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។

តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនេះ រួមទាំងរៀបចំសកម្មភាពរួមគ្នា ដូចជាការផ្តូរផ្តងធុរកិច្ច ការតាំងពិរពណ៌ និងសិក្ខាសាលា«ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ»។

 នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានសន្យាជាថ្មីម្តងទៀតផងដែរ ចំពោះវិស័យសន្តិសុខដោយភាគី ទាំងពីរព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងការបរបាញ់ខុសច្បាប់ និងបទ ល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

 តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ប្រមុខការទូតកម្ពុជា និងឡាវ ក៏បានពិភាក្សាគ្នា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយ ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ភាគីទំាងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសគឺជំងឺកូវីដ-១៩នេះតែម្តង៕