ក្រុមហ៊ុនផលិតរថយន្តវៀតណាម វីនហ្វាស (VinFast) រៀបចំបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី នៅក្រុងChathamរដ្ឋ North Carolinaសហរដ្ឋអាមេរិក។ គម្រោងនេះ គឺជាវិនិយោគផ្ទាល់ឯកត្តបុគ្គលដ៏ធំជាងគេក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ វីនហ្វាស បានត្រៀមរៀបចំសាងសង់រោងចក្រមួយដែលមានតម្លៃ ៤ពាន់លានដុល្លារអាមេរិក នៃទឹកដីសហរដ្ឋអាមេរិក លើទំហំដី ប្រមាណ ៨០ ហិកតា។ តាមការរំពឹងទុកថាបន្ទាប់ពីរោងចក្របានសាងសង់រួចរាល់នោះ គឺចាប់ពីខែ កក្កដា ឆ្នាំ ២០២៤ តទៅ ពួកគេនឹងអាច ផលិតបាន យានយន្តអគ្គិសនី ចំនួន ១៥០,០០០ ប្រចាំឆ្នាំ ជាពិសេសនឹងអាចបង្កើតឱកាសការងារប្រមាណ៧,៥០០កន្លែងផងដែរ។
ទីផ្សាររថយន្តអគ្គិសនីពិភពលោកមានតម្លៃប្រមាណ ១៨៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ហើយមានការរំពឹងទុកថា នឹងកើនឡើង ២៤.៥ភាគរយ ប្រចាំឆ្នាំរហូតដល់ឆ្នាំ ២០២៨ អាចកើតឡើងរហូតដល់ ៩៨០ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាម៉ិញ ការឈានជើងចូលប្រកួតក្នុងទីផ្សាររថយន្តអគ្គិសនីនេះ មិនមែនជារឿងងាយនោះទេ ហើយក៏មិនមែនមានតែ ក្រុមហ៊ុន របស់វៀតណាមនេះតែមួយដែរ ដែលកំពុងផលិតរថយន្តអគ្គិសនីដើម្បីចែកចាយលើទីផ្សារនោះ ម្យ៉ាងវិញទៀត គូរប្រជែងដ៏ធំមួយរបស់ពួកគេ គឺ Teslaរបស់មហាសេដ្ឋីពិលោក Elon Maskនេះតែម្តង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៃក្រុមហ៊ុនផលិតរថយន្តដើមកំណើតអាស៊ីមួយនេះ មិនព្រមចុះចាញ់ដោយងាយៗដែរ។ វីនហ្វាស ជាបុត្រសម្ព័ន្ធនៃ វីនគ្រុប ដែលជាក្រុមហ៊ុនសហគ្រាសធំខាងគេនៅវៀតណាម និងគ្រប់គ្រងដោយលោក Phan Nhat Vuongជាអ្នកមានជាងគេនៅក្នុងប្រទេស។ វីនគ្រុបមានតម្លៃទីផ្សារសរុប ២៤.៤ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំ ២០២០ចំណូលប្រចាំឆ្នាំរបស់ ក្រុមហ៊ុនយក្សមួយនេះ មានចំនែកស្មើរនឹង ២.២ភាគរយ នៃផលទុនសរុបក្នុងស្រុករបស់វៀតណាម។ វីនគ្រុបមិនមែនធម្មតានោះទេ ហើយការរីកលូតលាស់របស់វីនគ្រុបក៏មិនមែនជាការចៃដន្យដែរ។ នៅវៀតណាម អ្នកធូរធារប្រហែលអាចកើត ឬ សម្រាលបុត្រ នៅមន្ទីរពេទ្យ VinMec,អាចចូលរៀននៅសាលា VinSchool,ស្នាក់នៅ VinHouse,ទិញទំនិញនៅ VinCom Mall,បញ្ចប់ការសិក្សាពី VinUniសម្រាកវិស្សមកាលនៅ Vinpearl Resortហើយពេលនេះប្រជាជនវៀតណាមមួយចំនួនក៏កំពុងធ្វើដំណើរដោយ រថយន្តអគ្គិសនីរបស់ VinFastផងដែរ។ បច្ចុប្បន្ន បុគ្គលិករបស់ VinGroupមានជាង ៤ម៉ឺននាក់។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុនរថយន្ត វីនហ្វាស បានចាប់កំណើតនៅឆ្នាំ ២០១៧ ហើយរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនវៀតណាមមួយនេះ បានសាងសង់នៅ តំបន់ដីសណ្តទន្លេក្រហម វៀតណាមខាងជើង។ វីនគ្រុបបានចំណាយប្រាក់ប្រមាណជាង ៦.៦ពាន់លានដុល្លារអាមេរិកលើ វីនហ្វាសនិងមានការប្រមូលអ្នកជំនាញពីក្រុមហ៊ុនល្បីៗដូចជា Ford, Renault, GMនិង BMW។ ជាមួយគ្នានេះដែរក៏បានអញ្ជើញអ្នកច្នៃម៉ូដ ពី Pininfarinaរបស់អ៊ីតាលីប្រើ Dashboard Displayពីក្រុមហ៊ុន LGនិង អាគុយពីក្រុមហ៊ុន Samsung។ ៩៨%នៃការផ្សារតួយានយន្តនៅរោងចក្រនេះគឺធ្វើដោយស្វ័យប្រវត្តិ ហើយក្នុងរោងចក្រគឺពោរពេញដោយគ្រឿងចក្រ និងគ្រឿងបង្គំទំនើបគុណភាពខ្ពស់មកពីប្រទេសអាល្លឺម៉ង់, ជប៉ុន និងស៊ុយអែត ជាដើម។ នេះ អាចជាមូលហេតុដែលធ្វើឲ្យផលិតភាពរបស់ វីនហ្វាស អាចផលិតបាន រថយន្ត ២៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយ រថយន្តដំបូងរបស់ វីនហ្វាស ក៏ជារថយន្តប្រើសាំងធម្មតា មិនមែនរថយន្តអគ្គិសនីនោះទេ ប៉ុន្តែពួកគេបានដាក់គោលដៅថ្មីថា ចាប់ពីខែសីហានេះទៅ គេនឹងផលិតរថយន្តអគ្គិសនីជាផលិតផលគោល។
វីនហ្វាសក៏មានយុទ្ធសាស្ត្រទីផ្សារទាក់ទាញដ៏គួរឲ្យចាប់អារម្មណ៍ដល់ទីផ្សារនៅអាមេរិកដែរ ដូចជា ផ្តល់ការធានារហូតដល់ ១០ឆ្នាំ, ការជួលអាគុយក្នុងតម្លៃទាប និងការប្តូរជូនអាគុយថ្មីដោយឥតថ្លៃនៅពេលដែលអាយុរបស់អាគុយនោះដែលប្រើដល់៧០%។
គួររំឭកដែរថា កាលពីខែមីនា ឆ្នាំ២០២២ នេះ លោក ចូ បៃដិន ប្រធានាធិបតីនៃហរដ្ឋអាមេរិកបានបង្ហោះលើ Tweeterលោកថា “ការវិនិយោគរបស់វីនហ្វាសគឺជាឧទាហរណ៍ដ៏ថ្មីស្រឡាងមួយសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្ញុំចំពោះការបង្កើតការងារ”។ ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបង្ហោះសារបែបនេះរួច វីនហ្វាសបានទទួលការកុម៉្មង់ទុកជាមុននូវរថយន្តអគ្គិសនីរបស់ខ្លួនពីសំណាក់អតិថិជននៅសហរដ្ឋអាមេរិកប្រហែល១ម៉ឺនគ្រឿង។ ដែលនេះ អាចជាហេតុផលមួយដែលរឹតតែធ្វើឲ្យថ្នាក់ដឹកនាំ វីនហ្វាសរឹតតែមានកម្លាំងចិត្ត។ពួកគេបាននិយាយលេងថា លោក ចូ បៃដិន ជាអ្នកលក់ដ៏ឆ្នើមបំផុតរបស់ពួកគេ និងមិនចាំបាច់ចំណាយលុយថ្លៃពាណិជ្ជកម្មផង។
បន្ទាប់ពីការសម្រេចចិត្តឈានជើងវិនិយោគដ៏ធំក្រៅប្រទេសលើកនេះ មហិច្ឆតាដ៏ធំមួយទៀតរបស់ វីនគ្រុប គឺការដែលនឹងក្លាយជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំលំដាប់ពិភពលោក ក្នុងចន្លោះពេលពី ៥ ទៅ ១០ ឆ្នាំ។ ហើយថ្នាក់ដឹកនាំរបស់ វីនគ្រុប តែងមានជំហរវិជ្ជមាន និងជំនឿចិត្តខ្ពស់លើការសម្រេចចិត្តមួយនេះ ពួកគេគិតថា “ពួកគេនឹងធ្វើឲ្យបានល្អដូចអ្នកផ្សេងក្នុងលោកនេះដែរ” ៕