( ព្រះសីហនុ )៖ ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា ខណៈនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ខាងមុខនេះ ក្រុងព្រះសីហនុនឹងមានរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០ លានដុល្លារ ខណៈក្រុមចិត្ដធំមួយនឹងធ្វើការវិនិយោគលើគម្រោងនេះ។
ជាក់ស្ដែងតាមការលើកឡើងពី លោក ឈិន ចៀនកាងដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន បានឲ្យដឹង ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលខាងលើ បានធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ឈិន ចៀនកាងដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ។
ក្នុងនោះលោក ឈិន ចៀនកាង បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង ៣៨,២៣% បើប្រៀបធៀបនឹងឆ្នាំមុន។
លោកបន្ដថា ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្តីននៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ៕