(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។
មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។
ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានដាក់ចេញមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់អាស៊ាន តំបន់ និងពិភពលោក ដែលកំពុងមានសភាពក្តៅគគុកនាពេលបច្ចុប្បន្ននេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងឆ្នាំ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន៖ ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មានរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសដៃគូរបស់អាស៊ានរហូតដល់ទៅប្រមាណ៣៨ប្រទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចលើពិភពលោករួមមានអាមេរិក ចិន រុស្ស៉ី ជប៉ុន និងអូស្ត្រាលីជាដើម សុទ្ធតែបានបញ្ជាក់រួចហើយនឹងអញ្ជើញចូលរួមកិច្ចប្រជុំធ្វើឡើងនៅកម្ពុជា។
វេទិកានៃជំនួបដ៏សែនមហោឡារិក និងជួបដោយផ្ទាល់បែបនេះ បានខកខានអស់រយៈពេលពីរឆ្នាំមកហើយ (២០២០-២០២១) ដោយសារតែរាតត្បាតនៃជំងឺកូវីដ១៩។ កិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធពីរឆ្នាំកន្លងទៅនេះ បានធ្វើឡើងត្រឹមតែតាមអនឡាញប៉ុណ្ណោះ។
ជាក្តីអំណររីករាយជាពន់ពេកសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវផែនការមួយដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាក្លាយជាដែនដីមានសុវត្ថិភាពពីជំងឺកូវីដ១៩។ សុវត្ថិភាពពីការរីករាតត្បាតជំងឺកូវីដ១៩នេះ បានបើកផ្លូវឱ្យកម្ពុជាអាចរៀបចំនូវកិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់។ នេះជាវេទិកាជួបជុំឡើងវិញលើកដំបូងសម្រាបប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩។ តាមរយៈវេទិកានេះ នឹងជួយផ្សព្វផ្សាយថាជាដែនដីមានសុវត្ថិភាពពីជំងឺកូវីដ១៩ ទៅកាន់បណ្តាជាតិសាសន៍នានាលើពិភពលោកផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ គឺជាកិច្ចប្រជុំដ៏ធំមួយ។ ដើម្បីធានាថាកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបានជោគជ័យ និងល្អប្រសើរតាមការគ្រោងទុក្ខនោះ មន្ត្រីក្រសួងការបរទេសកម្ពុជា មន្ត្រីក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធ បានស្រាក់ដៃគ្នាប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការរៀបចំកន្លែងប្រជុំ ការបដិសណ្ឋារកិច្ចចំពោះភ្ញៀវ និងក្រុមអ្នកព័ត៌មានផងដែរ។ ដោយឡែកកម្លាំងនគរបាល កម្លាំងកងរាជអាវុធ និងកម្លាំងសន្តិសុខដទៃទៀត ក៏បានរៀបចំពង្រាយក្នុងការរក្សាសន្តិសុខ និងសម្រួលចរាចរណ៍សម្រាប់គណៈប្រតិភូប្រទេសជាភ្ញៀវ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
មន្ត្រីដែលមានតួនាទីភារកិច្ចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ម្នាក់ៗមានភាពមមាញឹកខ្លាំងមែនទែន ហើយប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
កម្ពុជាជាប្រទេសដែលធ្លាប់តែញ៉ាំញីដោយភ្លើងសង្គ្រាម។ ភ្លើងសង្គ្រាមនេះ បានធ្វើឱ្យកម្ពុជាបាត់បង់នូវសមត្ថភាពទាំងឡាយ កុំថាឡើយសមត្ថភាពម្ចាស់ការលើការរៀបចំកិច្ចប្រជុំសំខាន់ សូម្បីតែការចូលរួមក្នុងវេទិកានានា ក៏កម្ពុជាមិនអាចធ្វើបាននោះដែរ។
ផ្ទុយទៅវិញសម្រាប់ពេលបច្ចុប្បន្នម្លប់សុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាកសាងសមត្ថភាពគ្រប់បែបយ៉ាងសេដ្ឋកិច្ច ធនធានមនុស្ស និងតួនាទីរបស់ខ្លួន។ ជាក់ស្តែងដូចពេលនេះ កម្ពុជា មានសមត្ថភាពទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយកម្ពុជាក៏មានសមត្ថភាពដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហា និងដាក់ចេញនូវចក្ខុវិស័យសម្រាប់វិបុលភាពនៅក្នុងតំបន់ និងលើពិភពលោកថែមទៀតផង។
ទាំងនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយក៏ជាមោទនភាពមួយក្រៃលែងសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្រេកអរ និងសាទរ ចំពោះការធ្វើជាប្រធានអាស៊ាន ហើយជាអ្នកដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោកដ៏មានសារៈសំខាន់នាពេលនេះ ហើយត្រូវចូលរួមបង្កបរិយាកាសល្អប្រសើរ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ជាតិកម្ពុជា៕