(ភ្នំពេញ)៖ ស្ថានការណ៍តានតឹងនៅច្រកសមុទ្រតៃវ៉ាន់ កើតឡើងស្របពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ ដែលបាននិងកំពុងប្រព្រឹត្តិទៅនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ស្របពេលនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកទាំងអស់ ក៏បានព្រមព្រៀងចេញសេចក្តីថ្លែការណ៍រួមមួយ ដែលសម្តែងពីការព្រួយបារម្ភ និងអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធី ដើម្បីសុខសន្តិភាពពិភពលោក។
សេចក្តីថ្លែការណ៍នេះ បានចេញកាលពីថ្ងៃពុធ ទី ៣ ខែសីហា ជាថ្ងៃបើកផ្លូវការនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្នុងសេចក្តីថ្លែងការណ៍រួមនោះ បានបង្ហាញថា អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍន៍ថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឲ្យមានការគណនាខុស, ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ, ជម្លោះដោយចំហរ, និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមហាអំណាច។
ទន្ទឹមនឹងការព្រួយបារម្ភនេះ ក៏មានការអំពាវនាវសុំឲ្យភាគីទាំងអស់បន្ថែមកម្រិតនៃការអត់ធ្មត់ឲ្យបានខ្ពស់ ចៀសវាងសកម្មភាពដែលអាចបង្កហេតុចលាចល ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍នៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ានចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ។
ក្នុងសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ, កិច្ចសហប្រតិបត្តិការ, សន្តិសហវិជ្ជមាន, និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមគឺ សន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ការរួបរួមជាកិច្ចការដែលត្រូវអនុវត្តទាំងអស់គ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីជាប្រយោជន៍ដើម្បីសម្រួលដល់កិច្ចទំនាក់ទនងដោយសន្តិភាពរបស់គ្រប់ភាគីទាំងអស់ តាមរយៈការប្រើប្រាស់នូវយន្តការដឹកនាំរបស់អាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង, រក្សាការពារសន្តិភាព-សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់៕