លោក Lou Woei-jye អ្នកនាំពាក្យនៃកងទ័ពទី៨របស់តៃវ៉ាន់ បានបញ្ជាក់ថា សមយុទ្ធចាប់ផ្តើមនៅភាគខាងត្បូងនៃខេត្ត Pingtung បន្ទាប់ពីម៉ោង ០០:៤០ (ម៉ោងសកល) ជាមួយនឹងការបាញ់គ្រាប់ផ្លោង និងកាំភ្លើងធំ ហើយសមយុទ្ធនឹងបញ្ចប់ទៅវិញ នៅម៉ោងប្រហែល ០១:៣០ (ម៉ោងសកល)។
យោងតាមការឱ្យដឹងពីកងទ័ព សមយុទ្ធរបស់ក្រុងតៃប៉ិ ដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ នឹងរួមបញ្ចូលការដាក់ពង្រាយទាហានរាប់រយនាក់ រួមជាមួយកាំភ្លើងធំធុនធ្ងន់ Howitzer ចំនួន ៤០គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ លោក Lou អះអាងថា សមយុទ្ធនេះត្រូវបានកំណត់ពេលរួចហើយ ដោយវាមិនមែនធ្វើឡើងដើម្បីឆ្លើយតបនឹងសមយុទ្ធរបស់ចិននោះទេ។
គួររម្លឹកថា ប្រទេសចិនចាប់ផ្តើមធ្វើសមយុទ្ធសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ក្នុងការឆ្លើយតបយ៉ាងខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណេនស៊ី ផេឡូស៊ី ខណៈខ្លួនចាត់ទុកតៃវ៉ាន់ថាជាផ្នែកនៃទឹកដីរបស់ចិន ដែលនឹងត្រូវទាមទារមកវិញនៅថ្ងៃណាមួយដោយបង្ខំ ប្រសិនបើចាំបាច់។ នេះបើយោងតាមសារព័ត៌មាន CNA៕