(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យលើព្រះរាជពិធីសុំភ្លើងអាទិទេពកីឡា និងពិធីរត់ភ្លើងគប់ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមព្រះរាជពិធីសុំភ្លើងអទិទេពកីឡា នៅប្រាសាទអង្គរ រួមទាំងពិធីដង្ហែភ្លើងគប់នៅកម្ពុជា និងឆ្ពោះទៅរត់ភ្លើងគប់នៅគ្រប់ប្រទេសសមាជិកអាស៊ីអាគ្នេយ៍ ជាបន្តបន្ទាប់ រហូតដល់ចុងក្រោយរត់ភ្លើងគប់ នៅជុំបឹងទន្លេសាប ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើកផ្លូវការ ស៊ីហ្គេម នាឆ្នាំ២០២៣។ ចំណុចសំខាន់១ទៀត គឺពិនិត្យលើគម្រោងការដឹកជញ្ជូន និងការស្នាក់នៅ-ហូបចុក សម្រាប់ប្រតិភូកីឡាស៊ីហ្គេម ដែលក្នុងរង្វាន់ចំនួន៨០០០នាក់ ប៉ុន្តែជាមួយ ប្រតិភូកីឡាខ្លះទៅ និងខ្លះមក ដែលអាចមានក្នុងរង្វង់ ៥០០០នាក់ប៉ុណ្ណោះ ដែលក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះអាចគ្រប់គ្រងបានល្អប្រសើរតាមផែនការរបស់ខ្លួន សម្រាប់ការហូបចុក ស្នាក់នៅក្នុងភូមិកីឡាដែលស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ តែម្តង។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា ភាពតឹងតែងលើការស្នាក់នៅ-ហូបចុកសម្រាប់ការទទួលប្រតិភូកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលនេះបានបញ្ហាទាំងនេះបានធូរស្រាលក្នុងផែនការលម្អិតអស់ហើយ បន្ទាប់ពីពិភាក្សាត្រួតពិនិត្យ និងចែងបែកការងារយ៉ាងច្បាស់លាស់។ ភាពតឹងតែងពីមុនលើផ្នែកដឹកជញ្ជូន ស្នាក់នៅ-ហូបចុកនេះ ដែលភូមិកីឡា ក្នុងផែនការ A មិនអាចទទួលបានទាន់ពេលវេលាអីនោះ គឺពេលនេះមានពន្លឺ មានក្តីសង្ឃឹម ដោយយកផែការ A នេះមកអនុវត្តហើយ។ ដូច្នេះ ពេលនេះ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា យើងបានធូរទ្រូងហើយ ដែលយើងមានការកំណត់ច្បាស់លាស់។ បន្ទប់ស្នាក់នៅក្នុងភូមិកីឡាមាន ជាង ៥០០០គ្រែ ដែលត្រូវបានរៀបចំនៅទីនោះរួចហើយ អ៊ីចឹងគឺយើងបានរួចខ្លួនហើយសម្រាប់កិច្ចការទទួលប្រតិភូកីឡាមកចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើង។
សម្រាប់ផ្នែកដឹកជញ្ជូន ស្នាក់នៅ ហូបចុកនេះ សម្រាប់គោលដៅ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ប្រតិភូកីឡាស៊ីហ្គេម មិនមែនមកម្តងទាំងអស់ ក្នុងចំនួនចន្លោះពី៧០០០ទៅ៨០០០នាក់ ក្នុងពេលតែមួយនោះទេ។ «កម្មវិធីប្រភេទកីឡាណាប្រកួតបានគេមកប្រកួត ហើយពេលចប់គេត្រឡប់ទៅវិញ ឬពេលប្រកួតប្រភេទកីឡា ប្រភេទកីឡានោះបានមកចូលរួម ដូច្នេះជាមួយ ក្នុងពេលតែមួយ ប្រតិភូ អត្តពលិកអាចស្ថិតក្នុងរង្វង់ចំនួនត្រឹម ៥០០០នាក់ប៉ុណ្ណោះ ដែលចំនួននេះ យើងអាចរៀបចំជូនបាន នៅក្នុងភូមិកីឡា ហើយក៏ងាយស្រួលក្នុងការដឹកជញ្ជូនជាដើម៕