Alynana Media Cambodia
Icon Collap
clinic narit

វិបត្តិអតិផរណានៅសហរដ្ឋអាមេរិកបានធូរស្រាលខ្លះក្នុងខែកក្កដា

Media LNN | Aug 11, 2022
វិបត្តិអតិផរណានៅសហរដ្ឋអាមេរិកបានធូរស្រាលខ្លះក្នុងខែកក្កដា
Clinic narith

តម្លៃទំនិញនិញនៅអាមេរិកបានឡើងជាគំហុក កាលពីខែមុន ប៉ុន្តែនៅពេលដែលថ្លៃដើមរបស់ប្រេងសាំងបានធ្លាក់ចុះ វាក៏បានជួយឲ្យមានការធូរស្រាលបន្តិចដែរ។

អត្រាអតិផរណាប្រចាំឆ្នាំ បានបង្ហាញថា តម្លៃទំនិញដែលបានឡើងដល់ ៩.១%កាលពីខែមិថុនា បានធ្លាក់មក ៨.៥% ក្នុងខែកក្កដា។

ក្រៅពីតម្លៃថាមពល ថ្លៃទំនិញផ្សេងៗបានបន្តឡើងជាបន្តបន្ទាប់រួមមាន ថ្លៃម្ហូបអាហារ, សម្ភារៈក្នុងផ្ទះជាដើម។

ការឡើងថ្លៃទំនិញទាំងនេះ ធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនជួបនឹងបញ្ហា ហើយបានជះឥទ្ធិពលធ្ងន់ធ្ងរលើសេដ្ឋកិច្ចទាំងមូល។

បើទោះជាអត្រានៃអ្នកមានការងារធ្វើមានការកើនឡើង ប៉ុន្តែកត្តាផ្សេងទៀតបានធ្វើឲ្យ អ្នកប្រើប្រាស់ និងអាជីវករ មានការព្រួយបារម្ភចំពោះការឡើងថ្លៃទំនិញទូទៅ។ ដែលការឡើងនេះ គឺមានសន្ទុះលឿនខ្លាំងជាងពេលដែលពួកគេធ្លាប់ជួបអំឡុងដើមទសវត្ស៨០ទៅទៀត។

រយៈពេលជាង១២ខែនេះ តម្លៃម្ហូបអាហារនៅសហរដ្ឋអាមេរិកបានលោតឡើងដល់ ១៣‌.១% ជាការឡើងខ្ពស់បំផុតប្រចាំឆ្នាំបើគិតចាប់ឆ្នាំ១៩៧៩មក។ ការកើនឡើននៃតម្លៃគ្រាប់កាហ្វេបានធ្វើឲ្យថ្លៃដើមទំនិញទាំងនោះឡើងកាន់តែខ្ពស់ថែមទៀត គឺឡើងថែម ៣.៥% ពីលើភាគរយកំណើនក្នុងខែមិថុនា។

ថ្លៃទំនិញសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន, សេវាសុខាភិបាល និងការកម្សាន្តនានាក៏បានឡើងខ្លាំងពីខែមិថុនា ប៉ុន្តែវាក៏បានកត់កងជាមួយនឹងការធ្លាក់ចុះនៃតម្លៃរបស់ទំនិញមួយចំនួនដូចជា ឡានជជុះ, សំបុត្រយន្តហោះ និងសម្លៀកបំពាក់។

ថ្លៃដើមនៃប្រេងសាំងបានធ្លាក់ចុះ ៧.៧% បើធៀបជាមួយខែមិថុនា នៅពេលដែលថ្លៃឡើងខ្លាំងនោះ វាបានឡើងដល់ ៥$ ក្នុងមួយ ហ្គាឡុង  (១ហ្គាឡុង= ៣.៧៨៥ លីត្រ)។

ជារួម របាយការណ៍បានបង្ហាញពីភាពប្រសើរឡើងច្រើនជាងអ្វីដែលក្រុមអ្នកវិភាគបានរំពឹងទុក។

លោក ផូល អាសវរសត៍ ប្រធានក្រុមអ្នកសេដ្ឋកិច្ចអាមេរិក នេះមិនទាន់ជាការធ្លាក់ចុះនៃអតិផរណាដែលពួកយើង(ធនាគារកណ្តាលអាមេរិក)ចង់បាននៅឡើយទេ។ ប៉ុន្តែវាជាចំណុចចាប់ផ្តើម ហើយយើងរំពឹងចាំមើលសញ្ញាណល្អជាងនោះនៃការប្រសើរឡើងនៃសម្ពាធលើតម្លៃថ្លៃដើមទំនិញនានាក្នុងរយៈពីរបីខែខាងមុខនេះ

ថ្លៃដើមទំនិញទូទៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សតាំងពីឆ្នាំកន្លងទៅ វាកើតឡើងដោយសារកត្តាជាច្រើន រួមបញ្ចូលទាំង តម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ ដែលការចំណាយបានទទួលការឧបត្ថម្ភពីរដ្ឋបាលក្នុងអំឡុងពេល កូវីដ១៩។ ហើយនៅពេលជាមួយគ្នានោះដែរ ការឆ្លងរាលដាលនាំឲ្យមានការបិទខ្ទប់នៅប្រទេសចិន, សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀតដែលដាក់គំនាបដល់ការផ្គត់ផ្គង់ទំនិញ រួមទាំងទំនិញចាំបាច់ដូចជា ប្រេង និងស្រូវសាលី។

ធនាគារកណ្តាលអាមេរិកបានធ្វើការតម្លើងថ្លៃអត្រាការប្រាក់កាលពីខែមីនា ដើម្បីព្យាយាមទប់លំនឹងតម្លៃទំនិញ។

ការតម្លើងអត្រាការប្រាក់ជាមធ្យោបាយមួយដើម្បីគ្រប់គ្រងអតិផរណា វាធ្វើឲ្យកម្ចីមានតម្លៃថ្លៃ ជំរុញឲ្យប្រជាជនខ្ចីប្រាក់តែព្យាយាមកាត់បន្ថយការចាយវាយ ដូចនេះអាចកាត់បន្ថយសន្ទុះនៃតម្រូវការទំនិញដែលធ្វើឲ្យថ្លៃទំនិញកើនឡើង។

ប៉ុន្តែដោយសារ អត្រាការប្រាក់ខ្ពស់ក៏បានកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចដែរ ហានិភ័យនៃធនាគារអាចធ្វើឲ្យសេដ្ឋកិច្ច ជួបនឹងការធ្លាក់ចុះដែលអូសបន្លាយពេល ឬ ធ្លាក់ចុះតែម្តង។

កាលពីខែមុន នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា ការអន់ថយនៃសេដ្ឋកិច្ចបានកើតឡើងក្នុងអំឡុងខែ មេសា-មិថុនា គឺការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងត្រីមាសទី២។

ការរំពឹងទុកនៃការកាត់បន្ថយសកម្មភាពនានានៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្រៅប្រទេសគឺជាផ្នែកដែលនាំឲ្យតម្លៃប្រេងបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក៏នាំឲ្យមានការបញ្ចុះតម្លៃសាំងដល់អ្នកប្រើប្រាស់ដែរ។

លោកស្រី ស៊ីលវៀ ដាល អាំងជេឡូ សេដ្ឋវិទូរជាន់ខ្ពស់នៃ Federated Hermes បានមានប្រសាសន៍ថា នាងរំពឹងទុកថា តម្រូវការទំនិញនឹងមានលំនឹងប្រសើរក្នុងខែក្រោយៗនេះ ស្របពេលដែលអត្រាការប្រាក់ធនាគារនៅខ្ពស់ ហើយតម្លៃទំនិញនៅខ្ពស់នៅឡើយដូចនេះ អ្នកប្រើប្រាស់នឹងកាត់បន្ថយចំណាយរបស់ពួកគេ។

អ្នកស្រីបានបន្តថា កត្តាទាំងនេះរួមគ្នានឹងអាចជួយទប់លំនឹងនៃថ្លៃដើមប្រភពថាមពល និងអាចបន្ធូរបន្ថយនូវគំនាបផ្គត់ផ្គង់សាកល, វានឹងអាចនាំឲ្យអត្រាអតិផរណាធ្លាក់ចុះកាន់តែលឿនសម្រាប់ឆ្នាំបន្ទាប់