ដកស្រង់ពីប្រភព៖ ស៊ី អិន អិន
ផ្ទៃដីប្រហែល ៦៣% ក្នុងតំបន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដែលមានទំហំស្ទើរតែស្មើនឹងប្រទេសឥណ្ឌាមួយទាំងមូលនោះ ពេលនេះកំពុងស្ថិតក្នុងការគម្រាមកំហែងពីគ្រោះរាំងស្ងួត នេះបើតាមការរាយការណ៍របស់ ក្រុមអ្នកឃ្លាំមើលគ្រោះរាំងស្ងួតប៉ែកអឺរ៉ុប កាលពីថ្ងៃពុធសប្តាហ៍នេះ។
តួរលេខថ្មីបានបង្ហាញពីកើនឡើងស្តួចស្តើងនៃទំហំដីដែលទទួលរងភាពរាំងស្ងួតនេះ កាលអំឡុងពេល១០ថ្ងៃដើមខែកក្កដា ហើយពេលនេះ ៤៦% នៃផ្ទៃដីដែលស្ថិតក្រោមសញ្ញានៃការព្រមាន នៃការបាត់បង់សំណើមក្នុងដី ខណៈពេលដែល ផ្ទៃដីប្រមាណ ១៧%ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានការណ៍ប្រកាសអាសន្ន ដោយចម្ការបន្លែកំពុងជួបប្រទះនឹងបញ្ហា។ ទំហំដីនេះ គឺធំជាងទំហំដីរបស់អាឡាស់ស្កា, តិចសាស់ និងកាលីហ្វរនីញ៉ាដែលជារដ្ឋធំៗជាងគេងរបស់អាមេរិកបូកចូលគ្នាទៅទៀត។
តាមទិន្នន័យលើផែនទី បង្ហាញឲ្យថាតំបន់ដែលស្ថិតក្នុងកម្រិតប្រកាសអាសន្ននោះមានដូចជា ចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, អេស្ប៉ាញ, អ៊ីតាលី, ហុងហ្គ្រី និងរ៉ូម៉ានី។
ព័ត៌មានបន្ថែមកាលពីថ្ងៃពុធ ដោយ មជ្ឈមណ្ឌលអេកូឡូស៊ី និងហៃដ្រូឡូជី អង់គ្លេស បានបង្ហាញថា ភាគអាគ្នេយ៍នៃប្រទេស ឬ អាចតំបន់ភាគច្រើននៃប្រទេសអង់គ្លេសអាចនឹងរងទទួលឥទ្ធិពលអាកាសធាតុក្តៅជាងកម្រិតមធ្យមភាគ និងកម្រិតទឹកភ្លៀងទាបជាងកម្រិតមធ្យមភាគ រហូតដល់ខែតុលា។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកជាច្រើននៅតំបន់ទាំងនេះកំពុងពិចារណាក្នុងការផ្អាកដំណើរការផ្គត់ផ្គង់ទឹកដល់អតិថិជនរាប់លានគ្រួសារក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
កាលពីថ្ងៃច័ន្ទសប្តាហ៍នេះផងដែរ ភ្នាក់ងារត្រួតពិនិត្យអាកាសធាតុអឺរ៉ុប Copernicus បានឲ្យដឹងថា ទ្វីបអឺរ៉ុបភាគច្រើនបានជួបប្រទះនឹងការរាំងស្ងួតក្រោមកម្រិតមធ្យមកាលពីខែកក្កដា ហើយវាបានបំបែកកំណត់ត្រាតាមតំបន់តូចៗជាច្រើន តួយ៉ាងនៅភាគខាងលិចបានជួបនឹងបញ្ហាខ្សត់ទឹកភ្លៀង ហើយភាគនិរតី និងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុបកំពុងទទួលរងនូវគ្រោះរាំងស្ងួត។
តាមរបាយការណ៍អាកាសធាតុប្រចាំខែ របស់ Copernicus បានឲ្យដឹងទៀតថា លក្ខខណ្ឌអាកាសធាតុទាំងនេះគឺជាចំណែកដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃ ហើយវាក៏ដោយសារតែការកើតឡើងជាបន្តបន្ទាប់នៃ រលកកម្តៅ នៃតំបន់ជាច្រើននៃទ្វីបអឺរ៉ុបដែរ។ ហើយវានឹងអាចក្លាយជាកំណត់ត្រា រដូវក្តៅដែលក្តៅជាងគេបំផុតប្រចាំទ្វីបនេះ។
របាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលស្រាវជ្រាវរួម នៃ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប បានធ្វើការព្យាករណ៍ ពីការធ្លាក់ចុះនៅចន្លោះពី ៨-៩% ក្នុងការផលិត គ្រាប់ពោត, ផ្កាឈូករ័ត្ន និងសណ្តែកសៀង នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែលក្ខខណ្ឌអាកាសធាតុហួតហែងខ្លាំងក្នុងរដូវក្តៅនេះ។
អ្នកនាង Freja Vamborg អ្នកវិទ្យាសាស្ត្រនៃ Copernicus បាននិយាយថា “លក្ខខណ្ឌរាំងស្ងួតពីខែមុនៗ រួមជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំង ជាមួយនឹងកម្រិតទឹកភ្លៀងទៀតតាមតំបន់ជាច្រើនក្នុងនាអំឡុងខែកក្កដា នឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលកសិកម្ម និងឧស្សាហកម្មផ្សេងៗទៀតដួចជា ការដឹកជញ្ជូនតាមផ្លូវទន្លេ និងការផលិតថាមពលជាដើម”។
ប្រែសម្រួលដោយ៖ សូរីយ៉ា