ភ្នាក់ងារពន្លត់អគ្គីភ័យជាង១,០០០ នាក់កំពុងតែប្រយុទ្ធជាមួយនឹងភ្លើងឆេះព្រៃដ៏កាចសាហាវមួយនៅភាពខាងលិចនៅប្រទេសបារាំង ខណៈដែលបិសាចមួយនេះបានបំផ្លាញព្រៃជាង៧,០០០ហិកតាក្នុងរយៈពេលពីរថ្ងៃនេះ។ ភ្លើងឆេះព្រៃដ៏សាហាវនេះបានកើតឡើងនៅចម្ងាយជាង៣០គ.ម ភាគអាគ្នេយ៍នៃទីក្រុង ប៊័រដូ។ វាបានលេបត្របាក់ផ្ទះមួយចំនួន និងបង្ខំឲ្យប្រជាជនជាង ១០,០០០ គ្រួសារត្រូវភៀសខ្លួនចេញ។
ក្រុមអគ្គីភ័យបាននិយាយថា ខ្យល់បក់ខ្លាំង ជាមួយ អាកាសធាតុក្តៅខ្លាំង កាន់តែបង្កការលំបាកមួយកម្រិតទៀតដល់ប្រតិបត្តិការពន្លត់អគ្គីភ័យលើកនេះ។ ភ្នាក់ងារពន្លត់អគ្គីភ័យផ្សេងទៀតក៏បានលើកដែរថា នេះជាលើកទីមួយហើយដែលយើងឃើញការឆេះដូចនេះ។ ពួកគេបានហៅភ្លើងឆេះព្រៃនេះថាជា “បិសាច”។
លោកប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង ក៏បានប្រកាសឲ្យមានការរួបរួមគ្នាពីប្រទេសក្នុងតំបន់មួយចំនួនដូចជា អូស្រ្ទា, អាល្លឺម៉ង់, ហ្គ្រិក, ប៉ូឡូញ និងរ៉ូម៉ានី ដើម្បីយកឈ្នះសង្គ្រាមជាមួយគ្រោះធម្មជាតិដែលកើតលើទ្វីបអឺរ៉ុបលើកនេះ “សាមគ្គីភាពអឺរ៉ុបត្រូវតែចាប់ផ្តើម!”។
រដូវក្តៅឆ្នាំនេះ ប្រទេសបារាំង និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀតបានទទួលរងនូវភ្លើងឆេះព្រៃជាបន្តបន្ទាប់ ព្រមទាំងទទួលរងនូវគ្រោះរាំងស្ងួតស្ទើរទូទាំងទ្វីប។
ដោយ៖ សូរីយ៉ា