នៅព្រឹកថ្ងៃសុក្រ នេះ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារ និងស្បៀងសម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ថាវរិទ្ធ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅនៅទីទួលមានសុវត្ថិភាព។ បន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល។ ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរអង្គប្រជុំបានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ។ ទន្ទឹមនោះលេខាធិការបានណែនាំអំពីការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុនជូនដល់សមាជិក សមាជិកាអង្គប្រជុំ។
ជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី ១១ ខែសីហា រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានចេញសេចក្តីជូនដំណឹងផ្លូវការមួយស្តីពី “ស្ថានភាពនៃការកើនឡើងនៃកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះមហន្តរាយទឹកជំនន់” ដើម្បីជាការជូនដំណឹង និងរំឭកដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនដែលកំពុងរស់នៅ និងប្រកបរបរតាមដងទន្លេទាំង៤នៃខេត្តស្ទឹងត្រែងផ្ទាល់ រួមមាន ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក។
ដោយ៖ សូរីយ៉ា
ប្រភព៖ ហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង